ឧទ្ធម្ភាគចក្រពេទ្យ ១គ្រឿងបានធ្លាក់នៅម៉ាឡេស៊ី បណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត
ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាង់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ១គ្រឿងនៅម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែកញ្ញា។ ឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់នោះគឺជាឧទ្ធម្ភាគចក្រសម្រាប់ប្រើប្រាស់ក្នុងសេវាវេជ្ជសាស្រ្តជាតិ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី។

ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្របានធ្លាក់នៅក្នុងក្រុង Marudi នៃរដ្ឋ Sarawak ភាគខាងជើងប្រទេសម៉ាឡេស៊ី និងបានធ្លាក់ក្នុងអំឡុងពេលហោះហើរទៅបំពេញការងារ ដែលជាកាតព្វកិច្ចផ្លូវការរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ នៅក្នុងចំណោមជនរងគ្រោះទាំង ៥នាក់នោះរួមមាន អ្នកបើកបរយន្តហោះម្នាក់ ពេទ្យម្នាក់ ជំនួយការពេទ្យម្នាក់ និងគិលានុបដ្ឋាយិកាចំនួន ២នាក់។ ភ្លាមៗក្រោយកើតមានគ្រោះថ្នាក់ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្តែងការសោកស្តាយ ចូលរួមចែករំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ និងបានបញ្ជាក់ថា រដ្ឋាភិបាលនឹងផ្តល់ជំនួយ ព្រមទាំងការគាំទ្រចាំបាច់មួយចំនួនដល់ក្រុមគ្រួសារជនរងគ្រោះទាំង ៥នាក់នោះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia