មនុស្ស ៥នាក់បានបាត់បង់ជីវិត និង ៨៧នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍ឆេះសាឡាងមួយគ្រឿងនៅហ្វីលីពីន
ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះសាឡាងមួយគ្រឿងនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១០ ខែកញ្ញា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្ស ៨៧នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា សាឡាងមួយគ្រឿងនេះគឺជាសាឡាងប្រភេទ M/V June Aster សម្រាប់ដឹកអ្នកដំណើរនៅតំបន់ឆ្នេរសមុទ្រមួយកន្លែងក្នុងខេត្ត Palawan ហើយសាឡាងបានឆេះក្រោយធ្វើដំណើរចេញពីកំពង់ផែបានត្រឹមជាង ២គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ក្នុងពេលមានភ្លើងឆេះនោះគឺនៅលើសាឡាងមានផ្ទុកអ្នកដំណើរសរុបចំនួន ១៣៤នាក់ តែភ្លាមៗក្រោយកើតមានហេតុការណ៍អកុសលនេះ ក្រុមឆ្មាំសមុទ្របានជួយសង្គ្រោះអ្នកដំណើរមួយចំនួនទាន់ពេលវេលា៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia