ក្រសួងរៀបចំដែនដី ចេញសេចក្តីប្រកាសព័ត៌មានជុំវិញដំណោះស្រាយគម្រោងបុរី ឡេង ណាវ៉ាត់ត្រា
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មាន ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) ជូនដំណឹងដល់សាធារណជន ជាពិសេស អតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ក្នុង គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិជ្រៃមួយរយ និងភូមិអន្លង់ស្លែង ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ឱ្យបានជ្រាបថា គម្រោងនេះបានជាប់គាំង និងមិនអាចអនុវត្តតាម កិច្ចសន្យាលក់ទិញជាមួយអតិថិជននិងម្ចាស់ដី ជាច្រើនឆ្នាំ បណ្តាលឱ្យមានការតវ៉ាតាមរូបភាពផ្សេងៗ រួមទាំង បណ្ដឹងតវ៉ាជាផ្លូវការពីអតិថិជន មកក្រសួង ដ.ន.ស.។

ដូចករណីជាប់តាំងរបស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ នៃក្រុមហ៊ុនផ្សេងទៀតដែរ ក្រសួង ដ.ន.ស. បានដឹកនាំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធជាច្រើនលើក មុននឹងផ្តល់អន្តរាគមន៍ចាំបាច់ណាមួយ។ ក្រសួងបាន ជួយសម្របសម្រួលជូនក្រុមហ៊ុន ដើម្បីឱ្យក្រុមហ៊ុនមានឱកាសក្នុងការបន្តដោះស្រាយជូនអតិថិជន ប៉ុន្តែក្រុមហ៊ុន នៅតែមិនអាចផ្តល់ដំណោះស្រាយសមស្រប និងទាន់ពេលវេលា ជូនអតិថិជនបានឡើយ។
តាមរយៈស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ឡេង ភត្រា) បានប្រគល់សិទ្ធិជូនក្រសួង ដ.ន.ស. ដឹកនាំសម្របសម្រួលការងារសាងសង់ផ្ទះ និងចាក់បំពេញដី ជូនអតិថិជនក្នុង គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ និងបានឯកភាពក្នុងការលក់ឡៃឡុងនូវ អចលនទ្រព្យរបស់ក្រុមហ៊ុន និងរបស់ឈ្មោះ ឡេង ភត្រា (ឡេង ណាវ៉ាត្រា) ដោយអ្នកឧកញ៉ាបានបញ្ជាក់ថា ក្រុមហ៊ុនពុំមានលទ្ធភាពក្នុងការសាងសង់បញ្ចប់ជូនអតិថិជនឡើយ។
អនុវត្តតាមស្មារតីនេះ គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានដឹកនាំសម្របសម្រួលការសាងសង់ បញ្ចប់និងបានប្រគល់ផ្ទះជូនអតិថិជន ចំនួន ៥៩៨ផ្ទះ និងបានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន១០០% ចំនួន ៥ ៩៧០ បណ្ណ និងបានចាក់បំពេញដីបន្ថែមនៅគម្រោង ជ្រែមួយរយ សម្រេចបានប្រមាណ ៦០%។
ដើម្បីការពារ និងតម្កល់ផលប្រយោជន៍របស់អតិថិជនជាអាទិភាព និងភាគីពាក់ព័ន្ធ ក្រសួង ដ.ន.ស. បានផ្អាកចរន្តការលើអចលនទ្រព្យរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក, ឈ្មោះ ឡេង ភត្រា និង ភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន សម្រាប់ធានាដល់ការដោះស្រាយគម្រោងជាប់គាំង និងការផ្ទេរកម្មសិទ្ធិជូនអតិថិជន។
ទន្ទឹមនេះ ដើម្បីស្វែងរកថវិកាទ្រទ្រង់ដំណើរការដោះស្រាយគម្រោងជាប់តាំងនេះជូនអតិថិជន ក្រសួងនិង ក្រុមហ៊ុន ក៏បានព្យាយាមស្វែងរកដៃគូសមស្រប ដើម្បីលក់ឡៃឡុងនូវអចលនទ្រព្យរបស់ក្រុមហ៊ុន និងរបស់ឈ្មោះ ឡេង ភត្រា (ឡេង ណាវ៉ាត្រា) ហើយរាល់ការទិញលក់ទ្រព្យណាមួយ សុទ្ធតែមានការពិគ្រោះយោបល់ និង មានការឯកភាពពីគ្រប់ភាគីពាក់ព័ន្ធ លើតម្លៃដែលអាចលក់បាន៕


ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់