ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថៃថា «ទីតាំងកងទ័ពមិនកំណត់ព្រំដែន»៖ ដូច្នេះ របង លួសបន្លា កុងតឺន័រ និងលេណដ្ឋាន ក៏មិនអាចកំណត់អធិបតេយ្យភាពបានដែរ និងគួរអនុញ្ញាតឱ្យ JBC បន្តការងាររបស់ខ្លួនស្របតាម ប្រការ ៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

    BY hor nita September 14, 2026
    ថៃថា «ទីតាំងកងទ័ពមិនកំណត់ព្រំដែន»៖ ដូច្នេះ របង លួសបន្លា កុងតឺន័រ និងលេណដ្ឋាន ក៏មិនអាចកំណត់អធិបតេយ្យភាពបានដែរ និងគួរអនុញ្ញាតឱ្យ JBC បន្តការងាររបស់ខ្លួនស្របតាម ប្រការ ៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៣ ខែកញ្ញា​ ឆ្នាំ ២០២៦ បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងារផ្លូវការ នារាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះថា «មានចំណុចមួយនៅក្នុងការបកស្រាយរបស់ប្រធាន JIC ត្រូវបានសារព័ត៌មានថៃ Thaiger បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញានេះ ដែលគួរឱ្យកត់សម្គាល់ និងមានសារៈសំខាន់ខ្លាំងចំពោះការយល់ដឹងអំពីបទឈប់បាញ់ និងបញ្ហាព្រំដែនកម្ពុជា–ថៃ។ លោកបានសង្កត់ធ្ងន់ថា «កិច្ចព្រមព្រៀងបានបញ្ជាក់ថា ទីតាំងឈរជើងរបស់កងទ័ព មិនត្រូវមានឥទ្ធិពលលើការវាស់វែង ឬការកំណត់ខណ្ឌសីមាព្រំដែនអន្តរជាតិឡើយ ហើយការងារកំណត់ព្រំដែនត្រូវបន្តតាមរយៈយន្តការ JBC»។ កាន់តែសំខាន់ លោកបានពន្យល់ថា «បទឈប់បាញ់បញ្ចប់ការប្រយុទ្ធ ប៉ុន្តែមិនបង្កើតព្រំដែនថ្មីទេ ហើយខ្សែដែលកងទ័ពកំពុងឈរជើង មិនត្រូវចាត់ទុកជាខ្សែព្រំដែនថ្មីឡើយ»។

    ដូច្នេះ បើទីតាំងកងទ័ពមិនអាចកំណត់ព្រំដែនបាន នោះគោលការណ៍ដូចគ្នាក៏ត្រូវអនុវត្តចំពោះស្ថានភាព និងសំណង់ផ្សេងៗដែលកើតចេញពីវត្តមានរបស់កងកម្លាំងនៅលើដីផងដែរ។ និយាយឱ្យសាមញ្ញ៖ កុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាផែនទី។ លេណដ្ឋានមិនមែនជាឯកសារកំណត់ខណ្ឌសីមា។ ផ្លូវយោធាមិនមែនជាសន្ធិសញ្ញាព្រំដែន។ ហើយវត្តមានកងទ័ពក៏មិនមែនជាឯកសារបញ្ជាក់អធិបតេយ្យភាពលើទឹកដីដែរ។ នេះជាផលវិបាកសមហេតុផលនៃគោលការណ៍ដែលថា «បទឈប់បាញ់បញ្ចប់ការប្រយុទ្ធ ប៉ុន្តែមិនបង្កើតព្រំដែនថ្មី»។

    ហេតុនេះ ប្រសិនបើទីតាំងកងទ័ពនៅពេលបទឈប់បាញ់មិនប៉ះពាល់ដល់ការវាស់វែង និងកំណត់ខណ្ឌសីមាតាមយន្តការ JBC នោះសកម្មភាពឯកតោភាគីណាមួយដែលកើតចេញពីវត្តមានយោធា រួមមានការដាក់លួសបន្លា កុងតឺន័រ ការជីកប្រឡាយ ឬលេណដ្ឋាន ការធ្វើផ្លូវ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ ក៏មិនអាចត្រូវយកមកធ្វើជាមូលដ្ឋានបង្កើតសិទ្ធិអធិបតេយ្យភាព ឬបង្កើតខ្សែព្រំដែនថ្មីបានដែរ។»

    ចំណុចនេះមានសារៈសំខាន់ជាពិសេសចំពោះទីតាំងដែលយោធាថៃបានដាក់ កុងតឺន័រ លួសបន្លា ការជីកលេណដ្ឋាន ការធ្វើផ្លូវ ការដាក់ប៉ុស្តិ៍ ឬការបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្រោយបទឈប់បាញ់។ ការដាក់វត្ថុណាមួយនៅលើដី មិនអាចធ្វើឱ្យដីនោះក្លាយជាកម្មសិទ្ធិរបស់អ្នកដាក់វត្ថុនោះបានទេ។ ដូចគ្នានេះដែរ ការឈរជើង ឬការគ្រប់គ្រងជាក់ស្តែងដោយកងកម្លាំងនៅពេលណាមួយ មិនគួរត្រូវយកមកជំនួសដំណើរការកំណត់ព្រំដែនតាមច្បាប់ឡើយ។

    ក្នុងសេចក្តីថ្លែងរបស់ប្រធាន JIC បង្ហាញនូវគោលការណ៍មួយដែលអាចយកមកអនុវត្តដោយស្មើភាព៖ ទីតាំងកងទ័ពមិនប៉ះពាល់ដល់ការវាស់វែង និងការកំណត់ខណ្ឌសីមាព្រំដែន ហើយដំណើរការនេះត្រូវបន្តតាមយន្តការ JBC ដូចអ្វីដែលបានកំណត់ក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រការ ៣ ដែលចែងយ៉ាងច្បាស់ថា៖ «ភាគីទាំងពីរឯកភាពគ្នាថា​ រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់​ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។

    ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។»

    ប្រសិនបើភាគីថៃប្រកាន់យកគោលការណ៍នេះដោយស្មោះត្រង់ នោះផ្លូវសមហេតុផលបំផុតគឺធ្វើឱ្យយន្តការ JBC និងក្រុមបច្ចេកទេសពាក់ព័ន្ធអាចបន្តការងារវាស់វែង និងកំណត់ខណ្ឌសីមានៅលើដីដោយប្រសិទ្ធភាព។ មិនគួរឱ្យស្ថានភាពដែលកងទ័ពបង្កើតឡើងនៅលើដី រត់មុនដំណើរការកំណត់ព្រំដែនតាមយន្តការ JBC ឡើយ។

    មិនអាចនិយាយម្ខាងថា ទីតាំងកងទ័ពមិនកំណត់ព្រំដែន ប៉ុន្តែម្ខាងទៀតយករបង លួសបន្លា កុងតឺន័រ លេណដ្ឋាន ផ្លូវ ឬប៉ុស្តិ៍ដែលបង្កើតឡើងក្នុងស្ថានភាពយោធា មកធ្វើជាមូលដ្ឋានសម្រាប់បង្កើតស្ថានភាពអចិន្ត្រៃយ៍ ឬអះអាងសិទ្ធិលើទឹកដីនោះបានទេ។

    ហើយនេះនាំមកកាន់សំណួរដ៏សាមញ្ញមួយ៖ «បើទីតាំងកងទ័ពមិនអាចបង្កើតព្រំដែនថ្មីបាន តើរបង លួសបន្លា កុងតឺន័រ លេណដ្ឋាន ផ្លូវ និងប៉ុស្តិ៍ដែលកើតចេញពីវត្តមានកងទ័ពនោះ អាចបង្កើតសិទ្ធិអធិបតេយ្យភាពថ្មីបានដោយរបៀបណា?»។ បើទីតាំងកងទ័ពមិនកំណត់ព្រំដែន តើហេតុអ្វីស្ថានភាពដែលបង្កើតឡើងដោយកងទ័ពក្រោយបទឈប់បាញ់ ត្រូវបានអនុញ្ញាតឱ្យក្លាយជាស្ថានភាពអចិន្ត្រៃយ៍ ខណៈដែលការកំណត់ខណ្ឌសីមាត្រូវទុកឱ្យ JBC?»

    ចម្លើយស្ថិតនៅក្នុងគោលការណ៍ដែលភាគីថៃខ្លួនឯងបានលើកឡើងរួចហើយ៖ បទឈប់បាញ់បញ្ចប់ការប្រយុទ្ធ ប៉ុន្តែមិនបង្កើតព្រំដែនថ្មីឡើយ។ ដូច្នេះ ព្រំដែនមិនផ្លាស់ទីតាមកងទ័ព។ ផែនទីមិនផ្លាស់ទីតាមរបង។ កុងតឺន័រមិនអាចក្លាយជាបង្គោលព្រំដែន។ ហើយបទឈប់បាញ់មិនអាចក្លាយជាសន្ធិសញ្ញាបង្កើតព្រំដែនថ្មីបានឡើយ»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay