បារាំងដាក់សំណើច្បាប់ថ្មីមួយទៅកាន់គណៈកម្មការអឺរ៉ុប ដើម្បីហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម
បារាំង៖ រដ្ឋាភិបាលនៃប្រទេសបារាំងបានដាក់សំណើច្បាប់ថ្មីមួយទៅកាន់គណៈកម្មការអឺរ៉ុប (European Commission) ដើម្បីហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំពីប្រើប្រាស់បណ្តាញសង្គម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៤ ខែកញ្ញា។ ការដាក់សំណើច្បាប់ថ្មីនេះត្រូវបានធ្វើឡើងក្រោយក្រុមប្រឹក្សាធម្មនុញ្ញបារាំង កាលពីខែសីហាកន្លងទៅ បានបដិសេធលើសំណើច្បាប់ចាស់រួចម្តងហើយ ដ្បិតនៅក្នុងច្បាប់នោះមានចំណុចរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់កុមារលើសកម្រិត។

បើតាមលោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា រដ្ឋាភិបាលបារាំងបានកែសម្រួលសំណើច្បាប់ឡើងវិញយ៉ាងល្អិតល្អន់ ដើម្បីធានាថាច្បាប់ថ្មីនេះនឹងស្របទៅតាមច្បាប់របស់សហភាពអឺរ៉ុប (EU)។ សូមបញ្ជាក់ជូនថា លោក Emmanuel Macron ចាត់ទុកការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារ និងយុវជនជាអាទិភាពសំខាន់មួយ ហើយលោកចង់ឱ្យច្បាប់នេះអាចអនុវត្តបានមុនពេលលោកចាកចេញពីតំណែងនៅឆ្នាំ ២០២៧។ ជាងនេះទៀត លោកក៏ចង់ឱ្យប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបទាំងអស់អនុម័តវិធានការស្រដៀងគ្នានេះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time