ការបើកផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្សអាចនឹងបានឆ្លងកាត់មុនបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ការបើកតម្រាយផ្លូវពីផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្សដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះដែលបើកការដ្ឋានកាលពីខែមិថុនារហូតមកដល់ពេលនេះសម្រេចលទ្ធផលបានប្រមាណ៨០ភាគរយហើយ ដែលអាចនឹងរួចរាល់សម្រាប់ការឆ្លងកាត់នៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ការសន្និដ្ឋាននេះបានធ្វើឡើងបន្ទាប់ពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យនៅការដ្ឋានស្ថាបនាតម្រាយផ្លូវ R4 នេះ ដើម្បីជំរុញការងារឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឆាប់រួចរាល់តាមគម្រោង។ ហើយកាលពីរសៀល កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៦ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានអញ្ជើញបន្តចុះត្រួតពិនិត្យវឌ្ឍនភាព ការស្ថាបនាផ្លូវរបស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ នៃតម្រាយផ្លូវ R4 នេះ។ សូមរម្លឹកថា ការបើកតម្រាយផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្សដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំសហគមន៍ឥស្លាមនៅកម្ពុជា ក្រុមហ៊ុនស៊ូកាកូអ៊ីន និងសណ្ឋាគារភ្នំពេញ បានឯកភាពគ្នាកាលពីថ្ងៃទី ១៩ មិថុនា ឆ្នាំ ២០២៦ ដើម្បី តភ្ជាប់ពីតំបន់អភិវឌ្ឍន៍បឹងកក់ មកផ្លូវលេខ៨៦ ជាប់របងផ្នែកខាងជើងសណ្ឋាគារភ្នំពេញ ឆ្ពោះមកមហាវិថីព្រះមុនីវង្ស ដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏ខ្លាំងក្លា នៅតាមដងផ្លូវសំខាន់ៗ ដូចជាមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី។
សូមបញ្ជាក់ថា នៅពេលតម្រាយផ្លូវR4បានរួចរាល់ បានផ្តល់ជំរើសឲ្យអ្នកដំណើរចេញពីស្តុបក្តាន់២កាត់តាមបឹងកក់ចេញតាមផ្លូវប្រ៉បវិហារឥស្លាម ប្រ៉បសណ្ឋាគារភ្នំពេញ ចូលមហាវិថីព្រះមុនីវង្សឆ្ពោះទៅស្ពានជ្រោយចង្វារបានលឿន។ ការបើកផ្លូវតភ្ជាប់ថ្មីនេះ គឺជាផ្នែកមួយនៃផែនការមេក្នុងការរៀបចំ និងអភិវឌ្ឍទីក្រុង ដើម្បីបង្កើនភាពធន់ ឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ និងយានយន្តដែលកំពុងតែកើនឡើងជាលំដាប់ ព្រមទាំងជួយធ្វើឱ្យប្រព័ន្ធធ្វើដំណើរ និងចរាចរណ៍សាធារណៈមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ជាងមុន៕



ប្រភព៖ ក្រសួងព័ត៌មាន