ក្រុមហ៊ុនអាកាសចរណ៍ AirAsia បន្តជាប់ឈ្មោះពានរង្វាន់ ១៧ ឆ្នាំជាប់ៗគ្នាជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោក
ពានរង្វាន់ដែលឆ្លងកាត់ការបោះឆ្នោតដោយផ្ទាល់ពីអ្នកដំណើរនេះគឺជាសមិទ្ធផលដ៏អស្ចារ្យក្នុងឱកាសខួប ២៥ ឆ្នាំ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលបានសម្រួលឱ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងមានតម្លៃសមរម្យ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តរបស់ភ្ញៀវរាប់លាននាក់ជុំវិញពិភពលោក
ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានបន្តជាប់ឈ្មោះពានរង្វាន់ ១៧ ឆ្នាំជាប់ៗគ្នាជា “ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោកនៅឆ្នាំ ២០២៦” នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់លំដាប់ពិភពលោកSkytrax។ ការទទួលបានពានរង្វាន់នេះគឺពិតជា សមទ្ធិផលដ៏ល្អដែលមិនអាចកាត់ថ្លៃបាន ខណៈដែលក្រុមហ៊ុនកំពុងតែប្រារព្ធខួប ២៥ ឆ្នាំ នៃការផ្តល់ជូនការធ្វើដំណើរតាមផ្លូវអាកាសប្រកបដោយភាពងាយស្រួល និងមានតម្លៃសមរម្យ។

“ពានរង្វាន់ Skytrax World Airline Awards” ដែលគេស្គាល់ទូលំទូលាយថាជា “ពានរង្វាន់អូស្ការនៅក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍” គឺជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ដែលត្រូវបានគេទទួលស្គាល់បំផុតនៅក្នុងវិស័យអាកាសចរណ៍ជាសកល ព្រោះលទ្ធផលគឺផ្អែកលើការស្ទង់មតិជាប្រចាំឆ្នាំ លើក្រុមហ៊ុនអាកាសចរណ៍លំដាប់ថ្នាក់ពិភពលោកដោយឯករាជ្យ និងត្រូវបានបោះឆ្នោតដោយអ្នកដំណើរជុំវិញពិភពលោក។ ការទទួលស្គាល់មួយនេះមានសារៈសំខាន់ពិសេសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ព្រោះជាការសបញ្ជាក់ឱ្យឃើញដោយផ្ទាល់ពីទំនុកចិត្ត និងភាពជឿជាក់ពីសំណាក់អ្នកដំណើរក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។
លោកឧកញ៉ា Kamarudin Meranun សហស្ថាបនិករបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលបានឡើងទទួលពានរង្វាន់តំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅក្នុងពិធីនោះ បានមានប្រសាសន៍ថា៖ “កាលពី ២៥ ឆ្នាំមុន យើងបានបង្កើតក្រុមហ៊ុនអាកាសចរណ៍ AirAsia ជាមួយនឹងបេសកកម្មដ៏សាមញ្ញមួយ គឺធ្វើឱ្យមនុស្សកាន់តែច្រើនអាចធ្វើដំណើរតាមផ្លូវអាកាសបាន។ ការបានឃើញពីភាពជោគជ័យដែលយើងសម្រេចបានមកទល់ពេលនេះ និងការបន្តទទួលបានការទុកចិត្តពីអ្នកដំណើរជុំវិញពិភពលោក គឺជាអ្វីដែលយើងមានមោទនភាពយ៉ាងក្រៃលែង។ ការទទួលស្គាល់ពីស្ថាប័ន Skytrax គឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្តដែលអ្នកដំណើរបានផ្តល់ឱ្យក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលទំនុកចិត្តរបស់អ្នកដំណើរគឺជាអ្វីដែលយើងតែងតែឱ្យតម្លៃខ្ពស់ និងយកចិត្តទុកដាក់ជាបំផុត។”

លោក Bo Lingam អគ្គនាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group* បានមានប្រសាសន៍ថា៖ “ការទទួលស្គាល់នេះគឺជាការផ្តល់ទំនុកចិត្តពីសំណាក់អ្នកដំណើររបស់យើង ហើយយើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះការផ្តល់ទំនុកចិត្ត និងការគាំទ្រជាបន្តបន្ទាប់នេះ។ ជាពិសេសក្នុងអំឡុងពេលដែលវិស័យអាកាសចរណ៍កំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយជាច្រើន ដែលនេះគឺជាសក្ខីភាពមួយបញ្ជាក់ពីភាពធន់ ការតស៊ូព្យាយាម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បុគ្គលិកគ្រប់រូប (Allstars) ដែលតែងតែបន្តខិតខំផ្តល់សេវាកម្មជូនភ្ញៀវរបស់យើង។ ពានរង្វាន់នេះគឺជាសមទ្ធិផលរបស់Allstars គ្រប់រូប។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត ហើយយើងខ្ញុំនឹងខិតខំធ្វើការភ្ជាប់ទំនាក់ទំនងមនុស្ស និងគោលដៅធ្វើដំណើរឱ្យកាន់តែច្រើន ព្រមទាំង
ប្តេជ្ញាចិត្តក្នុងការរក្សាទំនុកចិត្តភ្ញៀវរបស់យើង គ្រប់ការធ្វើដំណើរទាំងអស់។”
លោក Edward Plaisted នាយកប្រតិបត្តិរបស់ស្ថាប័ន Skytraxបានមានប្រសាសន៍ថា៖
“យើងខ្ញុំសូមអបអរសាទរដល់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ នៅក្នុង
កម្មវិធីប្រគល់ពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោក សម្រាប់ឆ្នាំ ២០២៦ នេះ។
ភាពជោគជ័យដែលត្រូវបានជាប់កំណត់ត្រាលើកទី ១៧ នេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការផ្តល់នូវជម្រើសនៃការធ្វើដំណើរប្រកបដោយគុណភាព និងតម្លៃសមរម្យសម្រាប់អ្នកដំណើរ។ នេះគឺជាទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងបំផុត និងរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ ដោយសមទ្ធិផលនេះគឺជាការបញ្ជាក់យ៉ាងច្បាស់អំពីភាពជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia។”

ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsiaបានអភិវឌ្ឍខ្លួនពីក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យក្នុងតំបន់ ទៅជាបណ្តាញក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យជាសកល ដោយអាចតភ្ជាប់ទំនាក់ទំនងអ្នកដំណើររាប់លាននាក់នៅទូទាំងអាស៊ី និងតំបន់ផ្សេងៗទៀត។ យើងខ្ញុំនឹងខិតខំបន្តអភិវឌ្ឍ
បណ្តាញហោះហើរ និងបទពិសោធន៍ធ្វើដំណើរ ព្រមទាំងរក្សាការប្តេជ្ញាចិត្ត ដើម្បីបង្កឱ្យបរិយាកាសធ្វើដំណើរ តាមផ្លូវអាកាសឱ្យកាន់តែងាយស្រួល មានតម្លៃសមរម្យ និងផ្តល់នូវគុណតម្លៃដ៏ល្អបំផុតជូនអ្នកដំណើរ។
ពានរង្វាន់ Skytrax សម្រាប់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកនេះ គឺផ្អែកលើការស្ទង់មតិ ដោយឯករាជ្យជាប្រចាំឆ្នាំ ដែលបង្ហាញពីការបោះឆ្នោតដោយផ្ទាល់ពីអ្នកដំណើរជុំវិញពិភពលោក។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយឯករាជ្យ ដោយស្ថាប័ន Skytrax ដែលមិនមានការតម្រូវឱ្យបង់ថ្លៃចូលរួម ឬថ្លៃចុះឈ្មោះ ពីក្រុមហ៊ុនអាកាសចរណ៍ឡើយ។
*AirAsia Group, ដែលពីមុនមកស្គាល់ថាជា AirAsia X Berhad