ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្នើដល់សាកលវិទ្យាល័យ KwangWoon ពង្រីកកិច្ចសហការជាមួយសាកលវិទ្យាល័យប្រទេសកម្ពុជា ដើម្បីបញ្ជូននិស្សិតមកសិក្សាជំនាញចាំបាច់បន្ថែម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ បានឱ្យដឹងថា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្នើដល់សាកលវិទ្យាល័យ KwangWoon ពង្រីកកិច្ចសហការជាមួយសាកលវិទ្យាល័យប្រទេសកម្ពុជា ដើម្បីបញ្ជូននិស្សិតមកសិក្សាជំនាញចាំបាច់បន្ថែម។

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Cho Sunyoung ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ KwangWoon និងលោកបណ្ឌិត Yoon Do Young សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ KwangWoon នៅសាកលវិទ្យាល័យ KwangWoon ក្នុងទីក្រុងសេអ៊ូល។
ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពនិស្សិតបរទេស ពិសេសនិស្សិតនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលកំពុងបន្តការសិក្សានៅប្រទេសកូរ៉េ និងបានយល់ស្របគ្នាថា ជំនាញផ្នែកវិទ្យាសាស្ត្រវិស្វកម្មអេឡិចត្រូនិច AI ជាជំនាញ ដែលនិស្សិតគួរស្វែងយល់បន្ថែមដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងពេលអនាគត និងអាចក្លាយជាទុនសម្រាប់អភិវឌ្ឍប្រទេសជាតិផងដែរ ។
លោកស្រី Cho បានជម្រាបជូនឯកឧត្តមថា KwangWoon ជាគ្រឹះស្ថានសិក្សាឯកជនដែលមានថ្នាក់សិក្សាពីកម្រិតបឋម ដល់សាកលវិទ្យាល័យ ហើយនិស្សិតបរទេស ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យមានចំនួនប្រមាណ ២,០០០នាក់។ សាកលវិទ្យាល័យក៏មានទំនាក់ទំនងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យមួយក្នុងប្រទេសកម្ពុជាដែរ តែមិនទាន់បានបញ្ជូននិស្សិតកម្ពុជាមកបន្តការសិក្សានៅសាកលវិទ្យាល័យ KwangWoon នៅឡើយទេ។
ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបលោកស្រីប្រធានក្រុមប្រឹក្សាភិបាលថាមាននិស្សិតកម្ពុជាជាច្រើនកំពុងចាប់អារម្មណ៍ជំនាញវិស្វកម្ម និងមានបំណងចង់បន្តការសិក្សានៅប្រទេសកូរ៉េ។
ឯកឧត្តមបានស្នើសាកលវិទ្យាល័យឱ្យពង្រីកកិច្ចសហការបន្ថែមជាមួយសាកលវិទ្យាល័យផ្សេងទៀតក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជូននិស្សិតកម្ពុជាមកសិក្សាជំនាញវិស្វកម្មនៅសាកលវិទ្យាល័យ KwangWoon ឱ្យបានកាន់តែច្រើន។
ឯកឧត្តមក៏បានលើកឡើងថា បងប្អូនសហគមន៍ខ្មែរមួយចំនួននៅកូរ៉េ ក៏មានបំណងចង់បន្តការសិក្សាថ្នាក់ជំនាញដើម្បីផ្លាស់ប្តូរទិដ្ឋាការ(វិសា) ពីវិសា E-9 ទៅ E-7 ផងដែរ ដូច្នេះសង្ឃឹមថាសាកលវិទ្យាល័យនឹងអាចសិក្សាលទ្ធភាព ក្នុងការបើកថ្នាក់សិក្សាវគ្គខ្លី និងថ្នាក់ចុងសប្តាហ៍ ដើម្បីឱ្យបងប្អូនខ្មែរនៅកូរ៉េមានលទ្ធភាពសិក្សាបន្ថែម៕



ប្រភព៖ ក្រសួងព័ត៌មាន