ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តំណាង UNODC លើកឡើងថា ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីទាញផលប្រយោជន៍ ដោយប្រើរូបិយប័ណ្ណឌីជីថល និងអ្នកផ្តល់សេវាកម្មទ្រព្យសកម្មនិម្មិត បង្កើនហេដ្ឋារចនាសម្ព័ន្ធលាងលុយកខ្វក់

    BY hor nita September 23, 2026
    តំណាង UNODC លើកឡើងថា ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីទាញផលប្រយោជន៍ ដោយប្រើរូបិយប័ណ្ណឌីជីថល និងអ្នកផ្តល់សេវាកម្មទ្រព្យសកម្មនិម្មិត បង្កើនហេដ្ឋារចនាសម្ព័ន្ធលាងលុយកខ្វក់

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦ ឧក្រិដ្ឋជនតែងតែប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីផលប្រយោជន៍របស់ពួកគេ ខណៈឧស្សាហកម្មបោកប្រាស់នៅអាស៊ីអាគ្នេយ៍កំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំងជាមូលដ្ឋាន ដោយក្រុមឧក្រិដ្ឋជនបានប្រើរូបិយប័ណ្ណឌីជីថល និងអ្នកផ្តល់សេវាកម្មទ្រព្យសកម្មនិម្មិត បង្កើនហេដ្ឋារចនាសម្ព័ន្ធលាងលុយកខ្វក់ ដែលមានស្រាប់នៅក្នុងតំបន់។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី Delphine Schantz តំណាងតំបន់ការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ ក្រោមមូលបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ។

    លោកស្រី Delphine Schantz បានបញ្ជាក់ឱ្យដឹងថា ឧស្សាហកម្មបោកប្រាស់នៅអាស៊ីអាគ្នេយ៍កំពុងឆ្លងកាត់ការផ្លាស់ប្តូរជាមូលដ្ឋានយ៉ាងខ្លាំង ហើយគំរូប្រតិបត្តិការរបស់ពួកគេ មើលទៅដូចជាការផ្តល់សិទ្ធិផ្តាច់មុខដល់សាជីវកម្ម ដែលក្នុងនោះ នាយកដ្ឋានឯកទេសសម្រាប់ការលាងលុយកខ្វក់ ការជួញដូរមនុស្ស ការរត់ពន្ធជន អន្តោប្រវេសន៍ និងការប្រមូលផលទិន្នន័យទាំងអស់ត្រូវបានដោតចូលទៅក្នុងបណ្តាញ ភ្ជាប់គ្នាដែលមានមូលដ្ឋានលើសេវាកម្មដូចគ្នា។ លោកស្រីបានអះអាងថា៖ «នេះធ្វើឱ្យកាន់តែពិបាក សម្រាប់ការអនុវត្តច្បាប់ក្នុងការបំបែកជនរងគ្រោះពីជនល្មើស និងផ្តល់ការគាំទ្រផ្នែកវេជ្ជសាស្រ្ត ផ្លូវចិត្ត និងភស្តុភារគ្រប់គ្រាន់ដល់ជនរងគ្រោះ ខណៈពេលដែលធានាថា សមាសធាតុដែលត្រូវបានរុះរើមិនប្រមូលផ្តុំគ្នានៅកន្លែងផ្សេងទេ»។

    បើតាម លោកស្រី Delphine Schantz ការទទួលយកបច្ចេកវិទ្យាយ៉ាងឆាប់រហ័សគឺជាកត្តាជំរុញដ៏សំខាន់មួយ ដែលឧក្រិដ្ឋជនតែងតែប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីផលប្រយោជន៍របស់ពួកគេ ហើយឧក្រិដ្ឋកម្មតែងតែសម្របខ្លួនដើម្បីចៀសវាងការអនុវត្តច្បាប់។ ប៉ុន្តែអ្វីដែលខុសគ្នានៅពេលនេះ គឺល្បឿនដែលឧក្រិដ្ឋកម្មកំពុងផ្លាស់ប្តូរ និងភាពស្មុគស្មាញ។ «បច្ចេកវិទ្យាឥឡូវនេះកាន់តែងាយស្រួលរកបាន ដែលកាត់បន្ថយឧបសគ្គសម្រាប់ក្រុមឧក្រិដ្ឋជន ដែលផ្លាស់ប្តូរទៅជាប្រភេទឧក្រិដ្ឋកម្មថ្មីៗ។ រូបិយប័ណ្ណឌីជីថល និងអ្នកផ្តល់សេវាកម្មទ្រព្យសកម្មនិម្មិតបានបង្កើនហេដ្ឋារចនាសម្ព័ន្ធលាងលុយកខ្វក់ ដែលមានស្រាប់នៅក្នុងតំបន់ ហើយកាន់តែខ្លាំងឡើង ក្រុមឧក្រិដ្ឋកម្ម ដែលបានរៀបចំមិនត្រឹមតែទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗយ៉ាងសកម្ម។» នេះគឹជាការលើកឡើងបន្ថែមរបស់ លោកស្រី Delphine Schantz។

    លោកស្រី Delphine Schantz បានឱ្យដឹងទៀតថា ជាក់ស្តែង លំហអ៊ីនធឺណិតបានបង្កើតបរិយាកាសសម្រាប់ការរីកចម្រើននេះ ក្នុងនោះ អាស៊ីអាគ្នេយ៍គឺជាតំបន់នៃឌីជីថលូបនីយកម្មយ៉ាងឆាប់រហ័ស ប៉ុន្តែសូម្បីតែនៅទីនេះ ឧក្រិដ្ឋជនបានវ៉ាដាច់វិស័យភាគច្រើនផ្សេងទៀតផងដែរ។ លោកស្រីបានសង្កត់ធ្ងន់ថា៖ «យើងឃើញរឿងនេះនៅក្នុងវិសាលភាពសកល ដែលកំពុងកើនឡើងនៃមជ្ឈមណ្ឌលបោកប្រាស់។ ប៉ុន្តែយើងក៏ឃើញរឿងនេះនៅក្នុងការពង្រីកយ៉ាងឆាប់រហ័សនៃប្រភេទឧក្រិដ្ឋកម្ម ដែលមានមូលដ្ឋានលើអ៊ីនធឺណិតផ្សេងទៀត ដូចជា ការលេងល្បែងស៊ីសងខុសច្បាប់តាមអ៊ីនធឺណិត»។

    លោកស្រី Delphine Schantz តំណាងតំបន់ការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ចាត់ទុកថា សន្និសីទនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ និងចំពោះអាទិភាពរួមរបស់ប្រទេស និងដៃគូទាំងអស់ ដែលបានប្រមូលផ្តុំគ្នានៅថ្ងៃនេះ គឺការឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះ ការឆបោកតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ លោកស្រីបានបន្ថែមថា៖ «ការឆបោក និងការក្លែងបន្លំតាមអ៊ីនធឺណិត គឺជាឧក្រិដ្ឋកម្មដែលប៉ះពាល់ដល់មនុស្សគ្រប់ទីកន្លែង និងគ្រប់ផ្នែកទាំងអស់នៃសង្គម។ មនុស្សអាចខាតបង់ប្រាក់មួយចំនួនដោយសារតែការក្លែងបន្លំពាណិជ្ជកម្មអេឡិចត្រូនិក ដែលមិនសូវមានកេរ្តិ៍ឈ្មោះ ឬពួកគេអាចបាត់បង់ ប្រាក់សន្សំពេញមួយជីវិតរបស់ពួកគេដោយសារតែការឆបោកស្នេហា។ វាក៏ធ្វើឱ្យប៉ះពាល់ ដល់សកម្មភាពសេដ្ឋកិច្ច និងទំនុកចិត្តរបស់មនុស្សលើស្ថាប័នផងដែរ»។

    យោងតាមរបាយការណ៍របស់ UNODC បានបង្ហាញថា ការខាតបង់ពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ត្រូវបានតំណាងតំបន់ការិយាល័យអង្គការសហប្រជាជាតិ ស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ធ្វើការប៉ាន់ប្រមាណថា មានការខាតបង់រហូតដល់ ១១៤ ពាន់លានដុល្លារ ក្នុង១ឆ្នាំ ដោយក្នុងនោះ មាននៅអាស៊ីបូពា៍ អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay