អាស៊ាន-GCC ប្តេជ្ញាពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យកាន់តែស៊ីជម្រៅ
នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន- ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-Gulf Cooperation Council Foreign Ministers’ Meeting) ដែលបានរៀបចំឡើងនៅក្រៅសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីវិស័យអាទិភាពសំខាន់ៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរតំបន់ រួមមាន៖ ការពង្រឹងសន្តិសុខថាមពល និងការចូលរួមរបស់ GCC ក្នុងបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ការពង្រីកពាណិជ្ជកម្ម វិនិយោគ និងសន្តិសុខស្បៀង ព្រមទាំងការជំរុញការពិភាក្សាឆ្ពោះទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-GCC និងការពង្រឹងការតភ្ជាប់ឌីជីថលដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។
កិច្ចប្រជុំបានស្វាគមន៍ចំពោះការរីកចម្រើនក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-GCC (២០២៤-២០២៨) ព្រមទាំងបានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ជូនដល់តំបន់ទាំងពីរ មុនកិច្ចប្រជុំកំពូលអាស៊ាន-GCC លើកទី៣ នៅឆ្នាំ២០២៧។

ប្រភព ក្រសួងព័ត៍មាន