តុលាការអាមេរិកបង្គាប់ឱ្យក្រុមហ៊ុន Apple បង់ប្រាក់ពិន័យ ៥,៧ពាន់លានដុល្លារ ក្នុងសំណុំរឿងបានប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនដទៃដោយគ្មានការអនុញ្ញាត
អាមេរិក៖ តុលាការអាមេរិកបានបង្គាប់ឱ្យក្រុមហ៊ុន Apple បង់ប្រាក់ពិន័យចំនួន ៥,៧ពាន់លានដុល្លារ ក្នុងសំណុំរឿងដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះបានប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនដទៃដោយគ្មានការអនុញ្ញាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC។ ក្រុមហ៊ុនដែលជាដើមបណ្តឹង និងជាភាគីដែលត្រូវទទួលប្រាក់សំណងដ៏ច្រើននោះគឺក្រុមហ៊ុនបច្ចេកវិទ្យាសំឡេង Taction Technology ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក។

គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងក្រុមហ៊ុន Taction Technology និងក្រុមហ៊ុន Apple បានកើតឡើងតាំងពីឆ្នាំ២០២១ ម្លេះ ដោយក្រុមហ៊ុន Taction Technology បានចោទប្រកាន់ថា ក្រុមហ៊ុន Apple បានយកបច្ចេកវិទ្យាញ័រ (Haptics) របស់ខ្លួនទៅប្រើប្រាស់ក្នុងប្រព័ន្ធ “Taptic Engine” ដើម្បីបង្កើនប្រសិទ្ធភាពនៃការញ័រក្នុងទូរស័ព្ទ iPhone និង Apple Watch។ ភ្លាមៗនោះ ក្រុមហ៊ុន Apple បានបដិសេធការចោទប្រកាន់ទាំងស្រុង និងបានអះអាងថាបច្ចេកវិទ្យារបស់ខ្លួនមានលក្ខណៈខុសគ្នាស្រឡះពីបច្ចេកវិទ្យាររបស់ក្រុមហ៊ុន Taction Technology។ យ៉ាងណាក្តី តុលាការអាមេរិកបានរកឃើញថា ក្រុមហ៊ុន Apple ពិតជាបានប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Taction Technology ពិតមែន ប៉ុន្តែវាមិនមែនជាចេតនានោះទេ ហើយករណីនេះគឺជាបទរំលោភលើប៉ាតង់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Taction Technology៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC