លោក ដូណាល់ ត្រាំ ប្រកាសអំពីផែនការវិនិយោគរបស់កូរ៉េខាងត្បូងនៅអាមេរិក ដែលមានតម្លៃ ២០០ពាន់លានដុល្លារ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអំពីផែនការវិនិយោគរបស់ប្រទេសកូរ៉េខាងត្បូងនៅលើទឹកដីសហរដ្ឋអាមេរិក ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ ២០០ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១ ខែតុលា។ គម្រោងវិនិយោគនេះ គឺជាផ្នែកមួយនៃកញ្ចប់វិនិយោគយុទ្ធសាស្ត្រចំនួន ៣៥០ពាន់លានដុល្លារ ដែលកូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២៥។

គួររម្លឹកជូនថា នៅក្នុងកញ្ចប់វិនិយោគយុទ្ធសាស្ត្រសរុបចំនួន ៣៥០ពាន់លានដុល្លារនោះ គឺមានការបែងចែកការវិនិយោគជា ២កញ្ចប់តូច ដូចខាងក្រោម៖
-ថវិកាចំនួន ១៥០ពាន់លានដុល្លារ សម្រាប់វិនិយោគលើវិស័យឧស្សាហកម្មផលិតនាវា
-និងថវិកាចំនួន ២០០ពាន់លានដុល្លារ សម្រាប់ការវិនិយោគយុទ្ធសាស្ត្រផ្សេងៗរួមមាន គម្រោងអភិវឌ្ឍឧស្ម័នធម្មជាតិរាវ (LNG) និងបំពង់បង្ហូរឧស្ម័ននៅរដ្ឋអាឡាស្កា, គម្រោងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន៨ និងគម្រោងសាងសង់រោងចក្រអគ្គិសនីប្រើឧស្ម័នធម្មជាតិនៅរដ្ឋតិចសាស់ ដើម្បីផ្គត់ផ្គង់ថាមពលដល់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI)៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express