ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «បច្ចេកវិទ្យាត្រូវតែប្រើ តែកុំពឹងផ្អែកលើ AI ពេក ត្រូវប្រើវាជាជំនួយការ កុំឱ្យវាធ្វើជាមេរបស់យើង»

    BY tey mira October 2, 2026
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «បច្ចេកវិទ្យាត្រូវតែប្រើ តែកុំពឹងផ្អែកលើ AI ពេក ត្រូវប្រើវាជាជំនួយការ កុំឱ្យវាធ្វើជាមេរបស់យើង»

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលការណ៍ហាមឃាត់ការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) នោះទេ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យានេះត្រូវតែមានព្រំដែន ក្រមសីលធម៌ និងគុណធម៌ច្បាស់លាស់។

    ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស សរុបចំនួន ២ ៥៧២ អង្គ/នាក់ (នារី ១ ២៥៧ នាក់) នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

    នាឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗជុំវិញការប្រើប្រាស់បច្ចេកវិទ្យា និង AI ថា ការប្រើប្រាស់ AI ដើម្បីពន្លឿនការងារ៖ បញ្ញាសប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ពន្លឿនកិច្ចការងារឱ្យបានទាន់ពេលវេលា។ យើងត្រូវរៀនប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនល្បឿនក្នុងការស្វែងរកព័ត៌មាន និងការរៀបចំទិន្នន័យ ឈានទៅរកការវិភាគទិន្នន័យទាំងនោះឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់សភាពការណ៍។

    ទោះបីជាបច្ចេកវិទ្យា AI កាន់តែទំនើប និងជួយសម្រួលដល់ការងារយ៉ាងណាក៏ដោយ ក៏ការប្រើប្រាស់ត្រូវតែមានព្រំដែនច្បាស់លាស់។ សម្តេចធិបតីបានលើកឡើងថា៖ «បច្ចេកទេសត្រូវតែប្រើ តែកុំពឹងផ្អែកលើ AI ពេក ចេះប្រើតែកុំពឹងវា… ពឹង AI ជាជំនួយការ ប៉ុន្តែប្រយ័ត្នកុំឱ្យ AI ធ្វើជាមេរបស់យើង»។

    បើតាមសម្ដេចធិបតី ការរីកចម្រើនយ៉ាងរហ័សនៃ AI នាំមកនូវភាពងាយស្រួលផង និងបញ្ហាប្រឈមផងដែរ ដោយសារបច្ចេកវិទ្យានេះកាន់តែទំនើប គឺកាន់តែលំបាកក្នុងការគ្រប់គ្រង និងទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ចំណែកឯ ក្នុងវិស័យបណ្តុះបណ្តាល និងការអប់រំ ការប្រៀបប្រជែង និងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាជារឿងចាំបាច់ ប៉ុន្តែក៏មិនត្រូវពឹងផ្អែកលើវាទាំងស្រុងរហូតបាត់បង់ម្ចាស់ការ និងសមត្ថភាពផ្ទាល់ខ្លួនឡើយ។ អ្វីដែលសំខាន់បំផុត ការប្រើប្រាស់ AI ត្រូវតែប្រកបដោយ ក្រមសីលធម៌ និងគុណធម៌ ជានិច្ច។

    គួររំលឹកផងដែរថា និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលទទួលបានសញ្ញាបត្រនាព្រឹកនេះ គឺជាអ្នកដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០២២-២០២៣ និង ២០២៣-២០២៤ កន្លងមក ដោយនៅក្នុងនោះរួមមាននិស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៤៤ នាក់ (នារី ២២ នាក់) ផងដែរ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay