យន្តហោះដឹកអ្នកជំងឺមួយគ្រឿងបានបាត់ខ្លួននៅឆ្នេរសមុទ្រអាមេរិក ខណៈមនុស្ស ៦នាក់នៅលើយន្តហោះត្រូវបានសន្មតថាបានបាត់បង់ជីវិត
អាមេរិក៖ មនុស្សចំនួន ៦នាក់ក្នុងយន្តហោះដែលបានបាត់ខ្លួននៅឆ្នេរសមុទ្រអាមេរិកកាលពីចុងសប្តាហ៍នេះត្រូវបានសន្មតថា បានស្លាប់បាត់បង់ជីវិតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី៥ ខែតុលា។ គួររម្លឹកជូនថា យន្តហោះដែលបានខ្លួននេះគឺជាយន្តហោះដឹកជញ្ជូនអ្នកជំងឺប្រភេទ Gulfstream G-100 មានទិសដៅធ្វើដំណើរពីប្រទេសប៊ឺមូដាទៅកាន់ទីក្រុង Boston សហរដ្ឋអាមេរិក។ យន្តហោះបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ L.F. Wade International Airport ក្នុងប្រទេសប៊ឺមូដានៅម៉ោងប្រហែល ២៣ និង ៤០នាទីយប់ថ្ងៃសុក្រ ហើយគ្រោងនឹងទៅដល់អាកាសយានដ្ឋាន Boston Logan International Airport នៅម៉ោងប្រហែល ១ និង ៣០នាទីព្រឹក។

ប៉ុន្តែអាជ្ញាធរអាកាសចរណ៍សហរដ្ឋអាមេរិកបានបាត់ការទាក់ទងជាមួយយន្តហោះនៅម៉ោងម៉ោង ១ និង ០០ នាទីព្រឹក ពោលគឺ ៣០នាទី មុនពេលកំណត់ត្រូវចុះចត។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមមនុស្សទាំង ៦នាក់ ដែលមានវត្តមាននៅលើយន្តហោះនោះគឺមានជនជាតិកាណាដាចំនួន ៤នាក់ (២នាក់គឺជាអ្នកបើកយន្តហោះ និង ២នាក់គឺជាបុគ្គលិកវេជ្ជសាស្ត្រ) និងជនជាតិប៊ឺមូដា ២នាក់ (អ្នកជំងឺម្នាក់និងសមាជិកគ្រួសារដែលអមដំណើរអ្នកជំងឺម្នាក់)។ ការទាញសេចក្តីសន្និដ្ឋានថា ពួកគេបានស្លាប់បាត់បង់ជីវិតគឺត្រូវបានធ្វើក្រោយគេបានប្រទះឃើញបំណែកយន្តហោះនៅតំបន់សមុទ្រក្បែរកោះ Nantucket ក្នុងរដ្ឋ Massachusetts ខណៈសាកសពរបស់ពួកគេនៅមិនទាន់រកឃើញនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC