ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា កើនឡើងដល់កន្លះលាននាក់

    BY tey mira October 6, 2026
    ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា កើនឡើងដល់កន្លះលាននាក់

    ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា បានកើនឡើងដល់ ៥០០.០០០នាក់ ដែលជាសមិទ្ធផលដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការទទួលស្គាល់ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងភ្ជាប់ពួកគាត់ទៅនឹងការគាំទ្រ សេវានានា និងឱកាសសម្រាប់លើកកម្ពស់ជីវភាពរស់នៅ។

    ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រឹក្សា និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការយល់ដឹងអំពីសារប្រយោជន៍នៃការចុះឈ្មោះ និងទំនុកចិត្តលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

    ឯកឧត្តមបានលើកឡើងថា៖ «សមិទ្ធផលនេះតំណាងឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនកន្លះលាននាក់ ដែលកំពុងរួមចំណែកដល់សេដ្ឋកិច្ចជាតិ ហើយការចុះឈ្មោះជួយឱ្យការរួមចំណែករបស់ពួកគាត់ត្រូវបានទទួលស្គាល់កាន់តែច្បាស់ និងអាចភ្ជាប់ពួកគាត់ទៅនឹងការគាំទ្ររបស់រាជរដ្ឋាភិបាល និងឱកាសអភិវឌ្ឍន៍នានា»។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតប្រាក់ចំណូលសម្រាប់គ្រួសារ បង្កើតការងារ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន។ ការចុះឈ្មោះផ្តល់នូវការទទួលស្គាល់ជាផ្លូវការ និងជាជំហានគន្លឹះឆ្ពោះទៅរកការគាំទ្រ និងអត្ថប្រយោជន៍ជាច្រើនដែលកំពុងត្រូវបានពង្រីកជាបន្តបន្ទាប់ ស្របតាមលក្ខខណ្ឌនៃកម្មវិធីនីមួយៗ រួមទាំងការបណ្តុះបណ្តាលជំនាញ សេវាប.ស.ស. ការគាំពារសង្គម សេវាហិរញ្ញវត្ថុផ្លូវការ ការលើកទឹកចិត្តនិងអនុគ្រោះផ្នែកពន្ធដារ ការធានារ៉ាប់រង និងដំណោះស្រាយឌីជីថលសម្រាប់អាជីវកម្មជាដើម។ ឯកឧត្តម ស៊ាង សុលក្ខណ៍ បានបញ្ជាក់ថា ការចុះឈ្មោះធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ ហើយមានគោលបំណងផ្តល់ការគាំទ្រ ថែបំប៉ន និងអភិវឌ្ឍ មិនមែនបង្កើតបន្ទុកសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទេ។

    ឯកឧត្តមបានបន្ថែមថា៖ “តម្លៃពិតប្រាកដនៃការចុះឈ្មោះ មិនមែនស្ថិតនៅត្រឹមតែវិញ្ញាបនបត្រនោះទេ តែជាការបង្កើតឱកាសឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចពង្រឹងជំនាញ បង្កើនផលិតភាព លើកកម្ពស់ជីវភាព និងអាចពង្រីកអាជីវកម្មរបស់ខ្លួន។” អ្នកចុះឈ្មោះទី៥០០.០០០ គឺលោក ឌុន ថន ជាអាជីវករលក់ដូរនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

    មន្ត្រីជាន់ខ្ពស់ខាងលើ បានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមិនទាន់បានចុះឈ្មោះ ឱ្យ ចុះឈ្មោះ និងអ្នកដែលបានចុះឈ្មោះហើយ ឱ្យស្នើសុំអត្ថប្រយោជន៍ដែលមានស្រាប់។ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាផ្នែកមួយនៃការអនុវត្ត “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” ដែលមានគោលដៅលើកកម្ពស់ជីវភាពរស់នៅ ពង្រីកលទ្ធភាពទទួលបានការគាំពារ និងការគាំទ្រចាំបាច់នានា ព្រមទាំងជំរុញឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាប័ន្ន ចីរភាព និងធន់នឹងវិបត្តិ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay