កម្ពុជា អាចទទួលរងឥទ្ធិពលតិចតួចពី ព្យុះសង្ឃរាទី២៨ ឈ្មោះ «ណូឡូ» និងព្យុះទី២៩ ឈ្មោះ «កូហ្គូម៉ា» ដែលបណ្ដាឱ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ពី ស្ថានភាពព្យុះសង្ឃរាទី២៨ ឈ្មោះ «ណូឡូ» និងព្យុះទី២៩ ឈ្មោះ «កូហ្គូម៉ា» អាចធ្វើឱ្យកម្ពុជា ទទួលរងឥទ្ធិពលតិចតួចពីព្យុះទាំងនេះ ដែលបណ្ដាឱ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ។

ក្នុងសេចក្តីជូនដំណឹងពី ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះសង្ឃរាទី២៨ ឈ្មោះ ណូឡូ(Nolo) T2628 និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) T2629 រួមជាមួយនឹងព្យុះទី២៧ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) T2627 កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិត នៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំង៣នេះទេ។
ដោយស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ នឹងធ្វើឱ្យតំបន់វាលទំនាប ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប ដណ្តប់លើផ្ទៃដី ៥០%។
ចំណែកតំបន់ខ្ពង់រាប ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។
សម្រាប់តំបន់មាត់សមុទ្រ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម