ម៉ាឡេស៊ីសម្រេចបិទសាលារៀនទាំងអស់ក្នុងរដ្ឋ Johor រយៈពេល ២ថ្ងៃ ដោយសារបញ្ហាផ្សែងអ័ព្ទ និងគុណភាពខ្យល់ធ្លាក់ចុះ
ម៉ាឡេស៊ី៖ អាជ្ញាធររដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី បានសម្រេចបិទសាលារៀនទាំងអស់រយៈពេល ២ថ្ងៃ ដោយសារបញ្ហាផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរ និងគុណភាពខ្យល់ធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ខែតុលា។ វិធានការបន្ទាន់នេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី៨ ខែតុលានេះ ដើម្បីការពារសុខភាព និងសុវត្ថិភាពក្រុមកូនសិស្ស។

ប្រភពខាងលើបានបន្តថា ក្នុងអំឡុងពេលបិទសាលានេះ ការប្រឡងឬការវាយតម្លៃដែលបានកំណត់នឹងត្រូវពន្យារពេល ហើយសិស្សនឹងបន្តការសិក្សាតាមរយៈការបង្រៀន និងរៀនពីផ្ទះ។ រដ្ឋាភិបាលក៏បានស្នើឱ្យនិយោជកផ្តល់ភាពបត់បែនដល់ឪពុកម្តាយដែលត្រូវមើលថែសិស្សនៅផ្ទះផងដែរ។ គួរកត់សម្គាល់ថា មុនមានការសម្រេចខាងលើនេះនេះ សាលានិងស្ថាប័នអប់រំប្រមាណ ៣០០កន្លែងនៅស្រុក Batu Pahat ត្រូវបានបិទរួចហើយ បន្ទាប់ពីសន្ទស្សន៍ការបំពុលខ្យល់ (API) ឈានដល់កម្រិត “មិនល្អខ្លាំង” (Very Unhealthy)៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia