ក្រុមហ៊ុន Amazon ប្រកាសបញ្ឈប់បុគ្គលិក ១,០០០នាក់ នៅអាមេរិក ឥណ្ឌា និងចក្រភពអង់គ្លេស
អាមេរិក៖ ក្រុមហ៊ុនលក់ទំនិញ Online ខ្នាតយក្ស Amazon បានប្រកាសពីការបញ្ឈប់បុគ្គលិកប្រមាណជា ១,០០០នាក់នៅជុំវិញពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ខែតុលា។ បុគ្គលិកដែលស្ថិតនៅក្នុងគម្រោងត្រូវបញ្ឈប់នេះគឺភាគច្រើនជាក្រុមបុគ្គលិកផ្នែក Stores ដែលគ្រប់គ្រងអាជីវកម្មលក់ទំនិញតាមអ៊ីនធឺណិត និងកំពុងបំពេញការងារនៅសហរដ្ឋអាមេរិក ឥណ្ឌា និងចក្រភពអង់គ្លេស។

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បាននិយាយថា ការកាត់បន្ថយបុគ្គលិកគឺជារឿងចាំបាច់ក្នុងពេលបច្ចុប្បន្ន ដ្បិតក្រុមហ៊ុនបានជួលបុគ្គលិកច្រើនពេកក្នុងអំឡុងជំងឺកូវីដ-១៩ ពោលគឺជាពេលដែលការបញ្ជាទិញទំនិញតាមអ៊ីនធឺណិតកើនឡើងខ្លាំង ខណៈពេលនេះការរៀបចំរចនាសម្ព័ន្ធផ្នែក Stores ឡើងវិញ នឹងជួយឱ្យក្រុមហ៊ុនសម្រេចគោលដៅអាជីវកម្មបានប្រសើរជាងមុន។ សូមបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកលើកនេះ គឺជាផ្នែកមួយនៃគម្រោងកាត់បន្ថយការងារជាបន្តបន្ទាប់ ក្រោយក្រុមហ៊ុន Amazon បានប្រកាសកាត់បុគ្គលិកសរុបខ្ទង់ ៣០,០០០នាក់ ដោយបានចាប់ផ្តើមតាំងពីឆ្នាំមុន និងបន្តរហូតដល់ខែមករា ឆ្នាំក្រោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia