មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ហាមឃាត់រថយន្តគ្រប់ប្រភេទឆ្លងកាត់លើស្ពានឥន្ទធនូ ដែលស្ថិតក្នុងក្រុងកំពត ដោយសារមានការបាក់បង្គោលរបារទទឹងផ្លូវ
(ខេត្តកំពត)៖ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៦ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត បានចេញសេចក្ដីជូនដំណឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ហាមឃាត់រថយន្តគ្រប់ប្រភេទឆ្លងកាត់លើស្ពានឥន្ទធនូ ដែលស្ថិតក្នុងក្រុងកំពត ដោយសារមានការបាក់បង្គោលរបារទទឹងផ្លូវ។

ក្នុងសេចក្តីជូនដំណឹងពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ក៏បានបន្ថែមថា ដោយសាមានករណីបាក់បង្គោលរបារទទឹងផ្លូវសម្រាប់ហាមរថយន្តឆ្លងកាត់ នៅស្ពាន ឥន្ទធនូ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត។ ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត សូមធ្វើការហាមឃាត់ រថយន្តគ្រប់ប្រភេទមិនឱ្យចរាចរណ៍នៅលើស្ពានជាដាច់ខាត ហើយមន្ទីរនឹងធ្វើការជួសជុលបង្គោលរបារទទឹងផ្លូវ នោះឡើងវិញជាបន្ទាន់។ គួរបញ្ជាក់ផងដែរ ស្ពានឥន្ទធនូ ជាស្ពានឆ្លងព្រែកកំពង់បាយ ហើយត្រូវបានសាងសង់តាំង ពីសម័យអាណានិគមបារាំង បច្ចុប្បន្ននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលអាចអនុញ្ញាតឱ្យត្រឹមតែត្រីចក្រយានយន្ត ទោចក្រយានយន្ត ទោចក្រយាន និងអ្នកថ្មើរជើងធ្វើចរាចរណ៍ឆ្លងកាត់តែប៉ុណ្ណោះ៕


ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត