ភ្ញៀវទេសចរអន្តរជាតិជាង ១០០នាក់កំពុងជាប់គាំងនៅតំបន់ព្រៃភ្នំក្នុងប្រទេសនេប៉ាល់ ក្រោយទឹកជំនន់បានកាត់ផ្តាច់ស្ពាននិងផ្លូវយ៉ាងឆាប់រហ័ស
នេប៉ាល់៖ ក្រុមអ្នកទេសចរជាង ១០០នាក់កំពុងជាប់គាំងនៅក្នុងតំបន់ព្រៃភ្នំនៃប្រទេសនេប៉ាល់ ក្រោយទឹកជំនន់បានកាត់ផ្តាច់ស្ពាននិងផ្លូវនៅជុំវិញតំបន់នោះយ៉ាងឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៣ ខែតុលា។ ក្រុមអ្នកទេសចរទាំងជាង ១០០នាក់នោះ គឺជាក្រុមអ្នកទេសចរដើរឡើងភ្នំអន្តរជាតិចម្រុះជាតិសាសន៍ ដែលបាននាំគ្នាទៅកម្សាន្តនៅក្នុងប្រទេសនេប៉ាល់តាំងតែពីមុនពេលមានគ្រោះធម្មជាតិកើតឡើងម្លេះ។

ប្រភពខាងលើបានបន្តថា គ្រោះទឹកជំនន់នេះក៏បានបំផ្លាញផ្ទះសម្បែង រោងចក្រវារីអគ្គិសនីចំនួន ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងតំបន់ Gorkha នៃប្រទេសនេប៉ាល់ ខណៈពលរដ្ឋនៅតំបន់កើតហេតុចំនួន ៥នាក់កំពុងបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះមនុស្សចំនួន ៣២១នាក់ ហើយនៅក្នុងនោះមានមនុស្សចំនួន ១២នាក់ជាជនបរទេសផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថា មានអ្នកស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia