ឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគទុនក្រោម ៥លានដុល្លារ ចំនួន ១០៩គម្រោងត្រូវបានចុះបញ្ជី ដែលបង្កើតការងារជិត ៨,៥ម៉ឺនកន្លែង
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋារដ្ឋបាល ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆមាសទី១ អនុគណៈកម្មការវិនិយោគរាជធានី -ខេត្ត បានចុះបញ្ជីគម្រោងវិនិយោគដែលមានទុនក្រោម ៥លានដុល្លារ ចំនួន ១០៩គម្រោង មានទំហំទឹកប្រាក់ ២៩៨,៩៧លានដុល្លារ ដែលបង្កើតការងារជិត ៨,៥ម៉ឺនកន្លែង។

ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការងារវិនិយោគ និងការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ នៅតែបន្តទទួលបានការជំរុញ និងគាំទ្រយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍជាក់ស្តែងនៅតាមមូលដ្ឋាន។
ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អនុគណៈកម្មការវិនិយោគរាជធានី-ខេត្ត បានសម្រេចចុះបញ្ជីគម្រោងវិនិយោគដែលមានទុនក្រោម ៥លានដុល្លារអាម៉េរិក ចំនួន ១០៩ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២៩៨,៩៧ លានដុល្លារអាម៉េរិក ព្រមទាំងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានរហូតដល់ ៨៤,៨៧៤ កន្លែង។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានរដ្ឋបាលបានពិនិត្យ និងផ្តល់ឡោមភាពលើគម្រោងអភិវឌ្ឍរាជធានី-ខេត្ត ចំនួន ៦៧ គម្រោង ដែលមានទឹកប្រាក់សរុប ១៨៥,០៧ ពាន់លានរៀល។ ដោយឡែក សម្រាប់រាជធានីភ្នំពេញ ក៏បានផ្តល់ឡោមភាពដល់គម្រោងអភិវឌ្ឍនៅតាមបណ្តាខណ្ឌទាំង១៤ ចំនួន ៦៣ គម្រោង ក្នុងទំហំទឹកប្រាក់សរុប ៣៨,៥ ពាន់លានរៀល ដែលភាគច្រើនជាគម្រោងវិនិយោគលើការសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការផ្សេងៗ។
«ចំពោះគម្រោងមូលនិធិក្រុងស្រុកមានចំនួន ៥០៥គម្រោង ដែលមានទឹកប្រាក់សរុបចំនួន៣១៤,៣១២លានរៀល ហើយមូលនិធិវិនិយោគមានចំនួន ៨ពាន់លានរៀល។ ហើយចំណែកឯគម្រោងមូលនិធិឃុំសង្កាត់មានចំនួន ២,២៩៣គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ៥៩៣,១៧៥លានរៀលបាទ។»
ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានអះអាងថា សមិទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធដល់មូលដ្ឋានផ្ទាល់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕





ប្រភព វិទ្យុជាតិកម្ពុជា