ក្រសួងពាណិជ្ជកម្ម នឹងសហការគាំទ្រសហភាព សហព័ន្ធយុវជនកម្ពុជា រៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក»
(រាជធានីភ្នំពេញ)៖ កាលពីថ្មីនេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ថា ក្រសួងពាណិជ្ជកម្ម នឹងសហការគាំទ្រសហភាព សហព័ន្ធយុវជនកម្ពុជា រៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក»។

ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជនទូទៅឱ្យបានជ្រាបថា ក្រសួងពាណិជ្ជកម្មនឹងសហការគាំទ្រសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងការរៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ នេះ រៀបចំឡើងក្នុងគោលបំណងបន្តការចូលរួម ជំរុញ និងគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុលផុស និងទូលំទូលាយបន្ថែមទៀត និងមាន ការរៀបចំតាំងបង្ហាញផលិតផលខ្មែរជាង២០០ស្តង់ ជាមួយនឹងកម្មវិធីអម និងការចែករំលែកចំណេះដឹង និង បទពិសោធមួយចំនួនផងដែរ។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក-លោកស្រី ដែលជាអាជីវករ ផលិតករ ពាណិជ្ជករ និងសាធារណជនទូទៅ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើឱ្យបានច្រើនកុះករ និងចូលរួមគាំទ្រ លើកស្ទួយ និងផ្សព្វផ្សាយផលិតផលក្នុងស្រុក ដើម្បីបង្ហាញមោទនភាពជាតិខ្មែរ។
សម្រាប់ព័ត៌មានបន្ថែម និងបំពេញបែបបទចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមទំនាក់ទំនងមក មន្ត្រីសម្របសម្រួល ដែលមានរាយនាមដូចខាងក្រោម៖
១. កញ្ញា សំ សិរីសុភា ទូរស័ព្ទ/តេឡេក្រាម ០៩៥ ៣២ ៣៩ ៦៧
២. កញ្ញា ស៊ុន សុវណ្ណរដ្ឋា ទូរស័ព្ទ/តេឡេក្រាម ០៩៧ ៦០ ៩០ ៦៥០៕


ប្រភព៖ ក្រសួងពាណជ្ជកម្ម