ការស្ទង់មតិ៖ ក្រុមហ៊ុនធំៗជាង ៥០% នៅចក្រភពអង់គ្លេសគ្រោងកាត់បន្ថយបុគ្គលិកនៅឆ្នាំក្រោយ ដោយប្តូរទៅប្រើប្រាស់ AI ជំនួសវិញ
អង់គ្លេស៖ ក្រុមហ៊ុនធំៗជាង ៥០% នៅក្នុងចក្រភពអង់គ្លេសគ្រោងកាត់បន្ថយចំនួនបុគ្គលិកក្នុងរយៈពេលមួយឆ្នាំខាងមុខ និងជំនួសមកវិញដោយការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ១៤ ខែតុលា។ របាយការណ៍គួរឱ្យភ្ញាក់ផ្អើលនេះគឺជាលទ្ធផលនៃការខ្ទង់មតិក្នុងចំណោមនាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនធំៗជាច្រើននៅក្នុងចក្រភពអង់គ្លេស ខណៈការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Deloitte ក្នុងរយៈពេលចន្លោះពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា។

លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា៖
-ក្រុមហ៊ុនចំនួន ៥២% រំពឹងថានឹងកាត់បន្ថយចំនួនបុគ្គលិកដោយសារបច្ចេកវិទ្យា AI
-ក្រុមហ៊ុន ៦៧% បានផ្លាស់ប្តូរមកប្រើ AI បានប្រហែល ១/៤ នៃគម្រោងផ្លាស់ប្តូរសរុបរួចរាល់ហើយ
-១/៣ នៃក្រុមហ៊ុនដែលបានផ្តល់ការស្ទង់មតិទាំងអស់ ជឿថា AI នឹងជួយបង្កើនប្រាក់ចំណេញក្នុងរយៈពេលមួយឆ្នាំខាងមុខទៀត។
គួរកត់សម្គាល់ថា ការប្រើប្រាស់ AI រួមជាមួយនឹងការចំណាយខ្ពស់លើការជួលបុគ្គលិកជំនាញ កំពុងជំរុញឱ្យក្រុមហ៊ុនជាច្រើននៅចក្រភពអង់គ្លេសពង្រីកអាជីវកម្មរបស់ពួកគេដោយប្រើកម្លាំងពលកម្មមនុស្សតិចជាងមុន ហើយស្ថានភាពនេះបានកើតឡើងស្របពេលដែលភាពអត់ការងារធ្វើរយៈពេលវែងកំពុងកើនឡើង និងអត្រាអត់ការងារធ្វើក្នុងចំណោមយុវជនបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time