មនុស្ស ៤នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅឧទ្យានជាតិក្នុងប្រទេសឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់បានស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅឧទ្យានជាតិ Bromo Tengger Semeru ក្នុងខេត្តជ្វាខាងកើត ប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៦ ខែតុលា។ ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះ គឺរួមមានមន្ត្រីឧទ្យានជាតិ ២នាក់ និងឆ្មាំសន្តិសុខ ២នាក់ ហើយពួកគេបានស្លាប់ក្នុងអំឡុងពេលព្យាយាមជួយពន្លត់ភ្លើង ដែលកំពុងឆេះព្រៃយ៉ាងសន្ធោសន្ធៅ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់ហើយ ក៏នៅមានមនុស្ស ២នាក់ទៀតបានរងរបួសរលាកធ្ងន់ធ្ងរ និងកំពុងទទួលការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ ក្រសួងព្រៃឈើឥណ្ឌូណេស៊ីបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដ្បិតតំបន់ដែលកំពុងមានភ្លើងឆេះមួយចំនួនគឺជាជម្រកយ៉ាងសំខាន់របស់សត្វស្វាអូរ៉ង់អ៊ូតង់ជិតផុតពូជ។ បន្ថែមពីនេះទៀត ផ្សែងដែលបានភាយចេញពីភ្លើងឆេះព្រៃក៏បានធ្វើឱ្យគុណភាពខ្យល់នៅតំបន់មួយចំនួននៃកោះស៊ូម៉ាត្រា និងកាលីម៉ាន់តាន់ធ្លាក់ចុះដល់កម្រិតមានគ្រោះថ្នាក់ចំពោះសុខភាពផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia