ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុននិងកូរ៉េខាងត្បូង កំពុងរងការវាយប្រហារតាមអ៊ីនធឺណិតដោយប្រើ AI យ៉ាងខ្លាំង និងបណ្ដាលឱ្យទិន្នន័យផ្ទាល់ខ្លួនពលរដ្ឋរាប់លាននាក់ត្រូវបែកធ្លាយ

    BY Pheakdey Tran October 17, 2026
    ជប៉ុននិងកូរ៉េខាងត្បូង កំពុងរងការវាយប្រហារតាមអ៊ីនធឺណិតដោយប្រើ AI យ៉ាងខ្លាំង និងបណ្ដាលឱ្យទិន្នន័យផ្ទាល់ខ្លួនពលរដ្ឋរាប់លាននាក់ត្រូវបែកធ្លាយ

    ជប៉ុន/កូរ៉េខាងត្បូង៖ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងកំពុងប្រឈមនឹងរលកនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតយ៉ាងខ្លាំង ដែលបណ្ដាលឱ្យបែកធ្លាយទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋរាប់សិបលាននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែតុលា។ អ្វីដែលជារឿងកាន់តែព្រួយបារម្ភនោះគឺ បញ្ញាសិប្បនិម្មិត (AI) កំពុងជួយឱ្យឧក្រិដ្ឋជនអ៊ីនធឺណិតអាចស្វែងរកចំណុចខ្សោយ និងលួចចូលប្រព័ន្ធកុំព្យូទ័របានកាន់តែលឿន ដោយមិនចាំបាច់មានជំនាញបច្ចេកទេសខ្ពស់នោះទេ។

    ប្រភពខាងលើបានបន្តថា ការវាយប្រហារភាគច្រើនមានគោលបំណងទទួលបានប្រាក់ តាមរយៈការជំរិតទារប្រាក់ ឬលក់ទិន្នន័យដែលលួចបាននៅលើទីផ្សារងងឹត។ នៅប្រទេសជប៉ុន ការវាយប្រហារបានប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើន រួមមានក្រុមហ៊ុនផ្ដល់សេវាកុំព្យូទ័រលើប្រព័ន្ធ Cloud ក្រុមហ៊ុនធ្វើដំណើរ ភោជនីយដ្ឋាន និងក្រុមហ៊ុនដឹកជញ្ជូន។ ការវាយប្រហារលើអ្នកផ្ដល់សេវាបច្ចេកវិទ្យាភាគីទីបី អាចធ្វើឱ្យក្រុមហ៊ុន និងស្ថាប័នជាច្រើនរងផលប៉ះពាល់ក្នុងពេលតែមួយ។ ក្នុងករណីមួយ ទិន្នន័យបណ្ណបើកបររបស់អតិថិជនសេវាជួលរថយន្ត Times Car ចំនួនប្រមាណ ១,៦ លានរូបភាព ត្រូវបានដាក់លក់នៅលើទីផ្សារងងឹត ដែលបង្កការព្រួយបារម្ភអំពីការលួចអត្តសញ្ញាណ។

    នៅក្នុងប្រទេសកូរ៉េខាងត្បូងវិញ ការវាយប្រហារបានប៉ះពាល់ដល់ធនាគារធំៗ និងព្រះវិហារគ្រិស្តសាសនាធំៗ ដោយធ្វើឱ្យទិន្នន័យអតិថិជន និងសមាជិករាប់សែននាក់ត្រូវបានបែកធ្លាយ។ ក្នុងនោះ ការវាយប្រហារលើស្ថាប័នហិរញ្ញវត្ថុយ៉ាងតិច ១៦ បានបណ្ដាលឱ្យបែកធ្លាយទិន្នន័យទំនាក់ទំនង និងព័ត៌មានអំពីការខ្ចីប្រាក់របស់អតិថិជនប្រមាណ ១០ ម៉ឺននាក់។ ទោះជាយ៉ាងណា ពាក្យសម្ងាត់គណនី លេខកាតឥណទាន និងប្រវត្តិប្រតិបត្តិការហិរញ្ញវត្ថុ មិនត្រូវបានលួចយកក្នុងករណីទាំងនេះទេ។ នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះ រដ្ឋាភិបាលប្រទេសទាំង២ កំពុងចាត់វិធានការពង្រឹងសន្តិសុខឌីជីថល។ កូរ៉េខាងត្បូងបានដាក់ចេញវិធានការផាកពិន័យកាន់តែតឹងរ៉ឹងលើក្រុមហ៊ុនដែលរំលោភបំពានធ្ងន់ធ្ងរ ឬធ្វើខុសម្ដងហើយម្ដងទៀតលើការការពារទិន្នន័យផ្ទាល់ខ្លួន ដោយអាចពិន័យរហូតដល់ ១០% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន។ ចំណែកជប៉ុនបានអនុវត្តច្បាប់ការពារតាមប្រព័ន្ធអ៊ីនធឺណិតបែបសកម្ម ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរត្រួតពិនិត្យ និងទប់ស្កាត់ការគំរាមកំហែងមួយចំនួនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay