ប្រជាពលរដ្ឋក្នុងសង្កាត់នគរធំ ប្រទះឃើញរូបបដិមាមួយអង្គពេលជីកដីជិតផ្ទះនិងបានប្រគល់ជូនដល់មន្ត្រីជំនាញយកទៅរក្សាទុក
រូបបដិមាភេទស្រី (ទេវរូបភេទស្រី) មួយអង្គ ដែលមានដៃកាន់ផ្កាឈូក និងមានទម្រង់រូបរាងស្ថិតក្នុងរចនាបថអង្គរ ត្រូវបានប្រជាពលរដ្ឋក្នុងសង្កាត់នគរធំ ប្រទះឃើញពេលជីកដីជិតផ្ទះ និងបានទាក់ទងអាជ្ញាធរ ជូនដំណឹងទៅកាន់មន្ត្រីជំនាញយកទៅរក្សាទុក ដើម្បីជាសម្បត្តិបេតិកភណ្ឌនៅក្នុងសារមន្ទីរ។

លោក ឡុង សុផល និងឪពុក ដែលជាអ្នកប្រទះឃើញរូបបដិមាខាងលើ មានទីលំនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងនិងខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលានេះ គាត់បានជីកដីជិតផ្ទះ ដើម្បីយកដីទៅចាក់ក្នុងផ្ទះ។ ពេលជីកនោះទើបតែជីកបានមួយប៉ែល តែប៉ះចំរូបបដិមាខាងលើតែម្ដង។ លោកបានឱ្យដឹងថា វត្ថុទាំងនោះគឺជាបេតិកភណ្ឌពិភពលោក ដែលមិនគួរទុកចោលផ្ទាល់ខ្លួននោះទេ ព្រោះការប្រគល់ជូនរដ្ឋជួយថែរក្សា និងផ្ដល់ប្រយោជន៍ដល់ក្មេងជំនាន់ក្រោយឱ្យបានស្គាល់។ លោកបញ្ជាក់ថា វត្ថុទាំងនោះមិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬជារបស់ខ្លួននោះទេ ហេតុនេះបើសិនជាមានអ្នកផ្សេងប្រទះឃើញ ក៏គួរតែប្រាប់ និងប្រគល់ជូនអាជ្ញាធរយកទៅរក្សាទុកដាក់ឱ្យបានសមស្របដែរ។
បើតាម លោក មាស ឫទ្ធីរ៉ាថេត អនុប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ថា តាមរយៈការចុះពិនិត្យដោយផ្ទាល់ពីមន្ត្រីជំនាញនិងក្រុមការងារបានរកឃើញថា រូបបដិមានោះគឺជា «រូបបដិមាភេទស្រី (ទេវរូបភេទស្រី)» ដែលមានដៃកាន់ផ្កាឈូក និងមានទម្រង់រូបរាងស្ថិតក្នុងរចនាបថអង្គរ ឬរចនាបថឃ្លាំង (អាចជាទេវរូបព្រះនាងលក្ស្មី) ដែលមានកម្ពស់ប្រហែល ៧០សង់ទីម៉ែត្រ និងមានសភាពបែកបាក់ស្រាប់។លោក មាស ឫទ្ធីរ៉ាថេត បានបញ្ជាក់ទៀតថា ក្រោយពេលពិនិត្យ និងធ្វើកំណត់ហេតុប្រគល់ទទួលរួច ក្រុមការងារនឹងយកទៅចុះបញ្ជី និងរក្សាទុកដាក់ក្នុងសារមន្ទីរ ដើម្បីជាប្រយោជន៍រួម និងការពារសម្បត្តិវប្បធម៌ជាតិ។ ក្នុងនាមជាមន្ត្រីជំនាញ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប លោកបានធ្វើការសំណូមពរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីមានការជីកសាងសង់ ឬប្រទះឃើញវត្ថុបុរាណផ្សេងៗដោយចៃដន្យ សូមរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬ មន្ទីរពាក់ព័ន្ធ ដើម្បីមន្ត្រីជំនាញចុះពិនិត្យ រៀបចំ និងយកទៅរក្សាទុកកន្លែងដែលមានសុវត្ថិភាពត្រឹមត្រូវ។
ក្នុងឱកាសនោះ លោក ឌុច គឹមដម នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានថ្លែងអំណរគុណដល់ លោក ឡុង សុផល និងឪពុក រួមនឹងប្រជាពលរដ្ឋផ្សេងៗទៀត ចំពោះស្មារតីយល់ដឹង និងកិច្ចសហការល្អ ដែលបានសម្រេចចិត្តប្រគល់វត្ថុបុរាណដ៏មានតម្លៃនេះជូនមកអាជ្ញាធរ និងមន្ត្រីជំនាញដើម្បីរក្សាទុកការពារស្របតាមផ្លូវច្បាប់។ លោកក៏បានធ្វើការសំណូមពរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីប្រទះឃើញវត្ថុបុរាណផ្សេងៗដោយចៃដន្យ សូមរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬមន្ទីរពាក់ព័ន្ធ ដើម្បីមន្ត្រីជំនាញចុះពិនិត្យ រៀបចំ និងយកទៅរក្សាទុកកន្លែងដែលមានសុវត្ថិភាព៕








ប្រភព នាំវិទ្យុជាតិកម្ពុជា