ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនសម្របសម្រួលគម្រោងអភិវឌ្ឍន៍អាទិភាពនានារបស់ជប៉ុននៅកម្ពុជា
តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានត្រៀមខ្លួនសម្របសម្រួលនិង ជំរុញគាំទ្ររាល់បេសកកម្ម និងគម្រោងអភិវឌ្ឍន៍អាទិភាពនានារបស់ជប៉ុននៅកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ការិយាល័យប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលចួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិបេសកកម្មការងារដោយជោគជ័យនៅកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់ លោក Sanui Kazumasa ក្នុងអាណត្តិការងារកន្លងមក ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការជំរុញ និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ជាពិសេសការពង្រីកវិសាលភាពកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជា។ សមិទ្ធផលទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការលូតលាស់សេដ្ឋកិច្ចកម្ពុជា និងបានពង្រឹងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែចាក់ឫសយ៉ាងជ្រៅ។
ឯកឧត្តម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Iwama Nozomi ក្នុងឱកាសទទួលបានការតែងតាំងជាប្រធានតំណាងថ្មីរបស់ JICA ប្រចាំនៅកម្ពុជា។ ឯកឧត្តម បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លោកស្រីនឹងបន្តវប្បធម៌សហប្រតិបត្តិការដ៏ល្អនេះ ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តម បានបញ្ជាក់ជាថ្មីថា ក.អ.ក. បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ JICA ដើម្បីបន្តសម្របសម្រួល ជំរុញ និងគាំទ្រដល់រាល់បេសកកម្ម និងគម្រោងអភិវឌ្ឍន៍អាទិភាពនានារបស់ជប៉ុននៅកម្ពុជាឱ្យសម្រេចបានជោគជ័យបន្ថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោក Sanui Kazumasa បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក.អ.ក. ដែលបានផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ក្នុងការចូលរួមគាំទ្រដល់សកម្មភាពនានារបស់ JICA នាពេលកន្លងមក ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងជប៉ុន និងកម្ពុជា កាន់តែមានភាពរឹងមាំលើគ្រប់វិស័យ៕







ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា