អេស្ប៉ាញប្រកាសកាន់ទុក្ខ ៣ថ្ងៃ ចំពោះគ្រោះថ្នាក់រថភ្លើងបុកគ្នាដែលបណ្តាលឱ្យមនុស្ស ៦៨នាក់បាត់បង់ជីវិត
អេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញបានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ ក្រោយមានហេតុការណ៍គ្រោះថ្នាក់រថភ្លើងល្បឿនលឿនចំនួន ២គ្រឿងបុកគ្នា និងបានបណ្ដាលឱ្យមនុស្ស ៦៨នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៩ ខែតុលា។ ពិធីកាន់ទុកថ្នាក់ជាតិនេះនឹងត្រូវចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី ៣១ ខែតុលា ខណៈគិតត្រឹមពេលនេះក៏មានអ្នកដំណើរជាច្រើននាក់ផ្សេងកំពុងរងរបួសធ្ងន់និងស្រាលផងដែរ។

សូមរម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅតំបន់ Castilla-La Mancha ភាគកណ្ដាលប្រទេសអេស្ប៉ាញ ដោយរថភ្លើងរបស់ក្រុមហ៊ុនរដ្ឋ Renfe បានបុកពីក្រោយរថភ្លើងដែលកំពុងឈប់របស់ក្រុមហ៊ុនឯកជន Iryo។ ក្រុមសង្គ្រោះបន្ទាន់បានបន្តរុករកជនរងគ្រោះក្នុងគំនរបាក់បែកពេញមួយយប់ នៅលើខ្សែផ្លូវដែកដ៏សំខាន់ដែលតភ្ជាប់ទីក្រុងម៉ាឌ្រីដទៅកាន់ទីក្រុងសេវីយ៉ា។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេស្ប៉ាញបានលើកឡើងពី «កំហុស» និង «កាលៈទេសៈដែលមិនអាចពន្យល់បាន» ដែលនាំឱ្យមានគ្រោះថ្នាក់នេះ។ ហេតុការណ៍ដ៏ធ្ងន់ធ្ងរនេះក៏បានបង្កើនការព្រួយបារម្ភជាថ្មីអំពីសុវត្ថិភាពបណ្ដាញផ្លូវដែករបស់ប្រទេសអេស្ប៉ាញផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia