រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីសិង្ហបុរី ដើម្បីជំរុញការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារសិង្ហបុរី
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦ បានឱ្យដឹងថា រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីសិង្ហបុរី ដើម្បីជំរុញការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារសិង្ហបុរី។

នៅសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Grace Fu រដ្ឋមន្ត្រីក្រសួងនិរន្តរភាព និងបរិស្ថានសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការពង្រីកទំហំនាំចេញអង្ករ និងការបើកឱកាសទីផ្សារសម្រាប់កសិផលសក្តានុពលរបស់កម្ពុជា រួមមាន គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ចេក ទុរេន ម្រេច បន្លែ និងផលិតផលបសុសត្វ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តគំនិតផ្តួចផ្តើមសុខភាពតែមួយ ដើម្បីធានាគុណភាព និងសុវត្ថិភាពចំណីអាហារ ស្របតាមស្តង់ដារអន្តរជាតិ។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដើម្បីអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងបង្កើនឱកាសពាណិជ្ជកម្មថ្មីៗ សំដៅលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង៕

ប្រភព៖ ក្រសួងព័ត៌មាន