កម្ពុជា-ដាណឺម៉ាក បើកកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Christian Tobias Bayer Tygesen ប្រធាននាយកដ្ឋានកិច្ចការអាស៊ី អូសេអានី អាម៉រិកឡាទីន ការីបៀន និងអាម៉េរិក នៃក្រសួងការបរទេសដាណឺម៉ាក បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រដាណឺម៉ាក។

កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-ដាណឺម៉ាក ដោយភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃយោគយល់គ្នាស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងប្រទេសទាំងពីរ។ អនុស្សារណៈនៃយោគយល់គ្នានេះគឺជាការបើកផ្លូវដល់កម្ពុជា និងដាណឺម៉ាក ធ្វើការពិគ្រោះយោបល់ជាទៀងទាត់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ដែលជាប្រយោជន៍ទៅវិញទៅមក ហើយវាក៏ជាវេទិកាដើមី្បផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងកម្រិតឧត្តមមន្ត្រីនៃក្រសួងការបរទេស នៃប្រទេសទាំងពីរ ផងដែរ។ កិច្ចប្រជុំលើកទីពីរនឹងប្រព្រឹត្តទៅនៅប្រទេសដាណឺម៉ាក៕


ប្រភព៖ ក្រសួងព័ត៌មាន