ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីCMAC ៖ ជប៉ុនផ្តល់ជំនួយឥតសំណងចំនួន ២.៧០០លានយ៉េន លើការសាងសង់អគារដ៏ធំមួយនៅសារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប

    BY hor nita November 4, 2026
    មន្ត្រីCMAC ៖ ជប៉ុនផ្តល់ជំនួយឥតសំណងចំនួន ២.៧០០លានយ៉េន លើការសាងសង់អគារដ៏ធំមួយនៅសារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប

    (ខេត្តសៀមរាប)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ជប៉ុនផ្តល់ជំនួយឥតសំណងចំនួន ២.៧០០លានយ៉េន លើការសាងសង់អគារដ៏ធំមួយនៅសារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប។ សំណង់អគារមណ្ឌលហ្វឹកហ្វឺន និងអគារលើកកម្ពស់ការផ្សព្វផ្សាយនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ត្រូវបានគាំទ្រឡើងដោយជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ដើម្បីបញ្ជាក់ពីសក្ខីភាពនៃកិច្ចសហប្រតិបត្តិការលើការអប់រំ និងផ្សព្វផ្សាយដល់សាធារណជនអំពីសង្គ្រាមដែលប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់ និងការស្វែងរកសន្តិភាព។

    សារមន្ទីរតេជោសន្តិភាព ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺជាសារមន្ទីរដ៏សំខាន់មួយរបស់កម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងបង្ហាញពីប្រវត្តិសាស្ត្រសង្គ្រាម ផលប៉ះពាល់នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងសមិទ្ធផលនៃការកសាងសន្តិភាពនៅកម្ពុជា។ សារមន្ទីរនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)។

    តាមការឱ្យដឹងរបស់លោក អ៊ុង រស្មី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មានវិទ្យា នៃ CMAC ដែលបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ឆ្នាំ២០២៦ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ កន្លងទៅ បានបញ្ជាក់ថា ជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួន ២.៧០០លានយ៉េន លើការសាងសង់អគារដ៏ធំមួយនៅសារមន្ទីរតេជោសន្តិភាពនេះ។ ទីតាំងនៃសារមន្ទីរនេះ ត្រូវបានបែងចែកជា២ផ្នែកសំខាន់ៗ ដោយទី១ អគារសន្តិភាព ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន និងអគារទី២ ជាអគារដែលជាស្នាដៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអគារទាំងពីរនេះមានតាំងបង្ហាញពីប្រវត្តិសាស្ត្រសង្គ្រាម និងសោកនាដកម្មដែលកម្ពុជាបានឆ្លងកាត់ សំណល់គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការកសាងសន្តិភាព សកម្មភាពនៃការបោសសម្អាតមីន វត្ថុបុរាណ ជាដើម។ លោកបានថ្លែងថា សារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាកន្លែងតាំងបង្ហាញវត្ថុបុរាណ និងសំណល់សង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងអប់រំប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃសន្តិភាព ដែលបង្ហាញពីដំណើរវិវត្តន៍របស់កម្ពុជាពីប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម ទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

    បើតាមការបញ្ជាក់របស់លោក មិស៊ូមិ តាកាហ៊ីតុ ដែលជាអនុប្រធានបេសកកម្មការទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយនេះ ស្របពេលដែលរដ្ឋាភិបាល និងប្រជាជនជប៉ុន បាននិងកំពុងគាំទ្រដល់សកម្មភាពបោសសម្អាតមីនរបស់កម្ពុជា។ លោកសង្ឃឹមថា សារមន្ទីរនេះ នឹងក្លាយជាទីកន្លែងមួយដែលអ្នកទស្សនាអាចស្វែងយល់កាន់តែស៊ីជម្រៅអំពីបញ្ហាមីន និងសារៈសំខាន់នៃសន្តិភាពទៅកាន់មនុស្សជំនាន់ក្រោយ។

    សារមន្ទីរនេះ គ្រោងសម្ពោធជាផ្លូវការនៅដើមខែធ្នូខាងមុខនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay