គណបក្សសាធារណរដ្ឋជំរុញឱ្យលោក ដូណាល់ ត្រាំ ផ្លាស់ប្តូរគោលនយោបាយ ក្រោយបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
អាមេរិក៖ បើទោះជាការរាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដេ្ឋអាមេរិកនៅមិនទាន់បិទបញ្ចប់ទាំងស្រុងក៏ដោយ តែលទ្ធផលបឋមបានបង្ហាញថា គណបក្សប្រជាធិបតេយ្យទទួលបានជ័យជម្នះយ៉ាងធំធេងទៅលើគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា នៅចំពោះមុខលទ្ធផលបរាជ័យនេះគណបក្សសាធារណរដ្ឋបានជំរុញឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរទិសដៅនយោបាយ ដើម្បីស្តារការគាំទ្រពីអ្នកបោះឆ្នោតឡើងវិញ។

មន្ត្រី និងអ្នកយុទ្ធសាស្ត្រនយោបាយមកពីគណបក្សសាធារណរដ្ឋមួយចំនួនបានទាមទារឱ្យលោក ត្រាំ កែប្រែក្រុមការងារនៅសេតវិមាន ពង្រឹងវិន័យក្នុងការដឹកនាំ និងពិចារណាបោះបង់គោលនយោបាយមួយចំនួនដែលពួកគេចាត់ទុកថាបានរួមចំណែកធ្វើឱ្យគណបក្សបរាជ័យ ជាពិសេសសង្គ្រាមជាមួយអ៊ីរ៉ង់ និងការដំឡើងពន្ធគយ។ ការបរាជ័យនេះក៏បានបង្កឱ្យមានការព្រួយបារម្ភអំពីអនាគតនយោបាយរបស់លោក ដូណាល់ ត្រាំ ផងដែរ ខណៈអាណត្តិប្រធានាធិបតីរបស់លោកកំពុងឈានចូលដំណាក់កាលចុងក្រោយ។ អនុប្រធានាធិបតី J.D. Vance ដែលត្រូវបានគេមើលឃើញថា ជាអ្នកស្នងតំណែងនយោបាយដ៏មានសក្តានុពលរបស់លោក ដូណាល់ ត្រាំ នោះក៏បានចាប់ផ្តើមបង្ហាញគម្លាតពីលោកប្រធានាធិបតីដែរ ដោយលោកបានចោទប្រកាន់ថា សង្គ្រាមជាមួយអ៊ីរ៉ង់គឺជាមូលហេតុមួយនៃការបរាជ័យរបស់គណបក្សសាធារណរដ្ឋ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time