ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា
នៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងក្រុង នឹងអញ្ជើញចូលរួមពិធីបើក ព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច» ដែលរៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមបញ្ជាក់ថាព្រឹត្តិការណ៍អម“ហ្រ្វង់កូតិច-FrancoTech” គឺជា ព្រឹត្តិការណ៍អមដែល ត្រូវបានរៀបចំឡើងនៅក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលនឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីចំនួន៩២ប្រទេសជុំវិញពិភពលោក។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធនិយោជកនិយាយភាសាបារាំង និងដៃគូពាក់ព័ន្ធ គ្រោងនឹងរៀបចំ ព្រឹត្តិការណ៍អម«ហ្វ្រង់កូតិច» ក្រោមមូលបទ “សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ «ហ្វ្រង់កូតិច»២០២៦នេះ គឺជាឱកាសដ៏វិសេសវិសាលសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យារបស់ខ្លួនទៅកាន់ឆាកអន្តរជាតិ។
យោងតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ «ហ្វ្រង់កូតិច»នេះ មានរៀបចំកិច្ចពិភាក្សាតុមូលផ្ដោតលើវិស័យបច្ចេកវិទ្យាចំនួន ៧ រួមមាន៖
១- ឱកាស និងអភិបាលកិច្ចនៃបញ្ញាសិប្បនិម្មិត (AI)
២- រដ្ឋាភិបាលឌីជីថល
៣- បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ
៤-បច្ចេកវិទ្យាកសិកម្ម និងសន្តិសុខស្បៀង
៥- ធុរកិច្ចថ្មីឌីជីថល និងនវានុវត្តន៍
៦- ស្ត្រីក្នុងវិស័យនវានុវត្តន៍ និង ៧- បច្ចេកវិទ្យាសម្រាប់វិស័យទេសចរណ៍ និងវប្បធម៌៕

ប្រភព ក្រសួងព័ត៍មាន