គួរអោយអាណិត ! ទើបកើតបាន១០ថ្ងៃ ស្រាប់តែស្លាប់យ៉ាងអាណោមអធម៌បែបនេះ បន្ទាប់ពីត្រូវយាយបង្កើតកោសចេកបញ្ចុក
ប្រទេសម៉ាឡេស៊ី ៖ គ្រូពេទ្យតែងតែធ្វើការដាស់តឿនក្រើនរំលឹករហូតសំរាប់អាណាព្យាបាលនិងឪពុកម្តាយទារក ពីអ្វីដែលគួធ្វើនិងមិនគួរធ្វើនៅពេលទារកទើបនឹងកើត។ ប្រភពព័ត៌មានបានចុះផ្សាយរឿងរ៉ាវតក់ស្លុតមួយ ដែលទារកទើបតែកើតបាន១០ថ្ងៃបានស្លាប់យ៉ាងអាណោមអធម៌ ក្រោយពីយាយរបស់គេបានកោសចេកបញ្ចុកអោយគេញាុំ។ កាសែត The International News ជីដូនម្នាក់បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងបន្ទាប់ធ្វើអោយចៅរបស់ខ្លួនស្លាប់ដោយផ្ទាល់ដៃ ដោយការល្មើសនឹងការប្រមានរបស់ពេទ្យ។ ទារកដែលមានវ័យក្រោម៦ខែ ត្រូវបានគេហាមដាច់ខាតមិនអោយបរិភោគអ្វីទាំងអស់ក្រៅពីការបំបៅដោយទឹកដោះម្តាយ។
តាមសម្តីលោកយាយបានអៅយដឹងថា គិលានុបដ្ឋាកនៅទីនេះក៏បានប្រាប់ដែរ តែគាត់នៅតែរឹងទទឹងមិនព្រមធ្វើតាម ព្រោះអាងជាទំលាប់ចិញ្ចឹមកូនមកពីមុនរបស់គាត់ហើយមិនដែលមានអ្វីកើតឡើងផង។ គាត់មិននឹកស្មានថាវាអាចធ្វើអោយចៅរបស់គាត់ស្លាប់បានយ៉ាងនេះសោះ កុមារនេះត្រូវបានគេដឹងថាមានឈាមហូរចេញតាមមាត់និងតាមគូទនៅមុនពេលស្លាប់។ គ្រួសារទារកបានបញ្ជូនគេទៅមន្ទីពេទ្យដើម្បីសង្គ្រោះដែរ តែវាហួសពេលទៅហើយ។ គ្រូពេទ្យបានប្រាប់ថាប្រព័ន្ធរំលាយអាហាររបស់ទារកត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រហូតបណ្តាលអោយគេស្លាប់បែបនេះ។ គ្រួសាររបស់ទារកបានយករឿងនេះមកចែករំលែកក្នុងបណ្តាញសង្គម ដើម្បីទុកជាបទពិសោធន៍កុំអោយមានអ្នកខុសបែបនេះបន្តទៀត៕

អត្ថបទ ៖ Mali
ប្រភព ៖ sanook