PR

សែលកាតក្លាយជាដៃគូសហការក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០២០

BY
choung samrith
March 15, 2020

ភ្នំពេញថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២០៖ ក្រុមហ៊ុនសែលកាតបានបង្ហាញឆន្ទៈដ៏រឹងមាំរបស់ខ្លួនជាថ្មីម្ដងទៀតក្នុងការអបអរនិងគាំទ្រទេពកោសល្យស្នាដៃរបស់កូនខ្មែរក្នុងស្រុកដោយបានសម្រេចធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីធំនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០២០នេះ។

ក្រុមហ៊ុនសែលកាតពិតជាមានមោទនភាពយ៉ាងខ្លាំងក្នុងការគាំទ្រការប្រារព្ធខួបទី១០របស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជាជាមួយនឹងការចាក់បញ្ចាំងភាពយន្តជាង១៥០រឿងនៅទីតាំងចំនួន៦កន្លែងក្នុងរាជធានីភ្នំពេញ។

មហោស្រពនេះត្រូវបានសហការរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនិងទទួលការថតភាពយន្តបរទេសនៅកម្ពុជានិងមជ្ឈមណ្ឌលបុប្ផាណានឹងមានការចាក់បញ្ចាំងភាពយន្ត ពីថ្ងៃសៅរ៍ទី១៤រហូតដល់ថ្ងៃអាទិត្យទី២២ខែមីនានេះ។

ទីតាំងចាក់បញ្ចាំងភាពយន្តទាំង៦កន្លែងរួមមានដូចជាសាលសន្និសីទចតុម្មុខ, សាលមហោស្រព Rosewood, មជ្ឈមណ្ឌលបុប្ផាណា, រោងភាពយន្តMajor Cineplex, លេជេន (Legend Cinemas) និងការបញ្ចាំងក្រៅមហោស្រពនៅ “The Village by Cellcard” ។

“The Village by Cellcard” គឺជាទីតាំងចម្បងនៃសកម្មភាពផ្សេងៗនៅក្នុងព្រឹត្តិការណ៍នេះដែលនឹងមានសកម្មភាពជាច្រើនដូចជា៖ការបញ្ចាំងភាពយន្តក្រៅមហោស្រព, កម្មវិធីផ្សេងៗរបស់ក្រុមហ៊ុនឧបត្ថម្ភនិងដៃគូរួមវិស័យផ្សេងៗបូករួមទាំងបទបង្ហាញរបស់សមិទ្ធិករភាពយន្តសិក្ខាសាលានិងការសម្ដែងនានា។ក្រុមហ៊ុនសែលកាតនឹងមានបង្ហាញនៅក្នុងស្តង់ដាក់អោយសាកល្បងVR (Virtual Reality) មួយទៀតសម្រាប់ការតាំងបង្ហាញខ្លឹមសាររឿងនិងបទពិសោធន៍ឌីជីថលថ្មីៗ។

មហោស្រពភាពយន្តឆ្នាំនេះបានបង្កើតពានរង្វាន់ថ្មីមួយប្រភេទដែលមានឈ្មោះថា «ពានរង្វាន់ជម្រើសមហាជន» People’s Choice Awardsដែលអាចឱ្យសាធារណជនទូទៅជ្រើសរើសរឿងដែលខ្លួនចូលចិត្ត១ពីភាពយន្តចំនួន១០ដែលមហោស្រពបានសម្រាំងទុក។

សាធារណជនអាចទស្សនាភាពយន្តហើយធ្វើការបោះឆ្នោតលើភាពយន្តដែលពួកគេចូលចិត្តនៅលើគេហទំព័ររបស់សែលកាតរហូតដល់ថ្ងៃទី២១ខែមីនា។ភាពយន្តដែលទទួលបានការគាំទ្រច្រើននឹងត្រូវបានប្រកាសទទួលពានរង្វាន់នៅថ្ងៃទី២២ខែមីនានៅឯសាលសន្និសីទចតុមុខ។

លោក Cedric Eloy ជាប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជាមានប្រសាសន៍ថា៖ “ពានរង្វាន់ជម្រើសមហាជននេះPeople’s Choice Awardsគឺជាពានរង្វាន់ល្អមួយក្នុងការជួយជំរុញឱ្យសាធារណជនបង្កើនការចូលរួមរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះហើយក៏ជាការលើកស្ទួយនិងអភិវឌ្ឍឧស្សាហកម្មភាពយន្តនៅកម្ពុជាយើងផងដែរ។”

លោក Ian Watson នាយកប្រតិបត្តរបស់សែលកាតបានលើកឡើងថា៖ “ពួកយើងបានមើលឃើញពីសក្តានុពលរបស់យុវជនកម្ពុជាដូចនេះហើយក្នុងនាមប្រតិបត្តិករដែលមានម្ចាស់ជាខ្មែរក្រុមហ៊ុនសែលកាតសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមទាំងឡាយដែលផ្តោតទៅលើការស្វែងរកការបណ្ដុះបណ្តាលនិងការទទួលស្គាល់នូវទេពកោសល្យក្នុងស្រុក។លោក Ian Watson បានបន្តទៀតថា៖ “មហោស្រពភាពយន្តអន្តរជាតិបានបង្ហាញខ្លឹមសាររឿងដ៏អស្ចារ្យជាច្រើនព្រមទាំងទាក់ទាញដល់គ្រប់ផ្នែកទាំងអស់យ៉ាងទូលំទូលាយ។”

លោក Ian Watson បានបន្ថែមថា៖ “ខ្លឹមសាររឿងនឹងក្លាយទៅជាចំណុចចម្បងនៃយុទ្ធសាស្ត្រកម្សាន្តសម្រាប់ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទក្រុមហ៊ុនផ្សព្វផ្សាយនិងក្រុមហ៊ុនដែលផ្តល់វេទិកាឌីជីថលនៅពេលដែលពួកយើងឈានទៅរកសម័យកាលឌីជីថលរួចហើយ។”

“ក្នុងនាមប្រតិបត្តិករតែមួយគត់ដែលមានម្ចាស់ជាខ្មែរនិងជាបុត្រសម្ព័ន្ធរបស់រ៉ូយ៉ាល់គ្រុបយើងគ្រោងនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះការរីកចម្រើននៃបណ្តាខ្លឹមសាររឿងដែលបង្កើតក្នុងស្រុកនៅពេលអនាគតហើយយើងទន្ទឹងរង់ចាំការមកដល់នៃមហោស្រពនេះនិងឃើញអនាគតផលិតករខ្សែភាពយន្តក្នុងស្រុកទាំងអស់បានរះចែងចាំងផង។”
ពិធីបើកមហោស្រពភាពយន្តនេះនៅឆ្នាំ២០២០ បានប្រព្រឹត្តឡើងនៅថ្ងៃទី១៣ខែមីនានេះនៅសាលសន្និសីទចតុមុខ។

នៅក្នុងមហោស្រពនេះទូតតំណាងរបស់សែលកាតអ្នកមានឰឥទ្ធិពលក្នុងបណ្តាញសង្គមនិងសិល្បករជាច្រើនរូបនឹងទៅទស្សនា“ The Village by Cellcard” ផងដែរ។សូមរង់ចាំតាមដានតារាងកម្មវិធីនៃការបញ្ចាំងខ្សែភាពយន្តនិងសកម្មភាពនានានៅលើទំព័រហ្វេសប៊ុករបស់សែលកាត។

Share This Post: