វេជ្ជបណ្ឌិតនៅអាមេរិកនឹងសាកល្បងព្យាបាលអ្នកឆ្លងវីរុសកូវីដ-១៩ ដោយប្រើអ័រម៉ូនមនុស្សស្រី
តាំងពីមានការរាតត្បាតវីរុស COVID-19 មកក្រុមគ្រូពេទ្យសង្កេតឃើញថាបុរសមានស្ថានភាពជំងឺធ្ងន់ធ្ងរ ឬស្លាប់ច្រើនជាងស្ត្រី ចំណុចនេះក្រុមគ្រូពេទ្យសង្ស័យថាអាចមកពីភាពខុសគ្នារវាងអ័រម៉ូន។
បុរសដែលឆ្លងវីរុស COVID-19 ភាគច្រើនត្រូវការការសង្គ្រោះបន្ទាន់ ឬស្លាប់ច្រើនជាងស្ត្រី។ លោក Sarah Hawkes សាស្ត្រាចារ្យផ្នែកសុខភាពសាធារណៈពិភពលោកនៅសាកលវិទ្យាល័យ London បានលើកឡើងថានេះអាចដោយសារបុរសមានបញ្ហាបេះដូង ឬសួតស្រាប់ ពេលឆ្លងវីរុសនេះ។ ជាទូទៅបុរសជក់បារី ផឹកគ្រឿងស្រវឹង និងស្រូបយកផ្សែងពុលនៅខាងក្រៅច្រើនជាងស្ត្រី។ ក្រៅពីកត្តាទាំងនេះ មានភស្តុតាងជាច្រើនថាប្រព័ន្ធភាពស៊ាំរបស់ស្ត្រីខ្លាំងជាងបុរស។

អ័រម៉ូនភេទ estrogen និងprogesterone ស្ត្រីផលិតច្រើនជាងបុរសគឺជួយប្រព័ន្ធភាពស៊ាំ និងអាចជួយស្ត្រីក្នុងការប្រឆាំងនឹងការឆ្លងមេរោគ និងការប៉ះពាល់នៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។ ដោយហេតុនេះហើយអ្នកវិទ្យាសាស្ត្រនៅមន្ទីរពេទ្យ Cedars-Sinai និងសាកលវិទ្យាល័យ Stony Brookនៅសហរដ្ឋអាមេរិករៀបចំការព្យាបាលអ្នកជំងឺ COVID-19 ដោយប្រើអ័រម៉ូនទាំងពីរនេះ។
ការព្យាបាលសាកល្បងនៅ Stony Brook នឹងមានអ្នកជំងឺឆ្លងវីរុស COVID-19 ១១០នាក់ចូលរួម ដែលអ្នកទាំងនោះត្រូវមានរោគសញ្ញាធ្ងន់ធ្ងរយ៉ាងតិចមួយដូចជាគ្រុនក្ដៅខ្លាំង ពិបាកដកដង្ហើម ឬជំងឺរលាកសួត ប៉ុន្តែនៅមិនទាន់ត្រូវការអុកស៊ីសែនបន្ថែមទេ។ បុរសចាប់ពីអាយុ១៨ឡើងទៅ និងស្ត្រីអាយុចាប់ពី៥៥ឆ្នាំឡើងទៅអាចចូលរួមបាន។ ពាក់កណ្ដាលនៃអ្នកចូលរួមនឹងត្រូវព្យាបាលដោយប្រើបន្ទះអ័រម៉ូន estrogen បិទលើស្បែករយៈពេលមួយសប្ដាហ៍ ខណៈដែលពាក់កណ្ដាលទៀតទទួលការព្យាបាលធម្មតា។
ការស្រាវជ្រាវពីមុនលើកឡើងថាអ័រម៉ូន estrogen ច្រើនអាចជួយកំចាត់វីរុសចេញពីរាងកាយ និងជួយដល់ការជួសជុលដល់កោសិកាខូចខាតនៅពេលការឆ្លងវីរុស COVID-19 មានការចុះខ្សោយ។
ដោយឡែកអ្នកចូលរួមនៅមន្ទីរ Cedars-Sinai នឹងទទួលអ័រម៉ូន progesterone ដោយសារអ័រម៉ូន progesterone អាចប្រឆាំងនឹងការរលាក និងជួយបង្ការអាការៈព្យុះ cytokine (ជាការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំខ្លាំងដែលអាចបំផ្លាញរាងកាយបាន)។ ការសិក្សានេះមានបុរសស្នាក់នៅមន្ទីរពេទ្យចូលរួម ៤០នាក់ដែលជាអ្នកឆ្លងវីរុស COVID-19 និងមានស្ថានភាពជំងឺស្រាល ទៅមធ្យម ជាអ្នកចូលរួម។ គ្រូពេទ្យនឹងចាក់អ័រម៉ូន progesterone ពីរម្ជុលក្នុងមួយថ្ងៃរយៈពេល៥ថ្ងៃទៅលើអ្នកចូលរួមចំនួនពាក់កណ្ដាល។ ការសិក្សាទៅលើការព្យាបាលដោយប្រើអ័រម៉ូនភេទទាំងពីរនេះនឹងត្រូវតាមដានទៅលើស្ថានភាពរបស់អ្នកជំងឺ និងប្រៀបធៀបក្រុមអ្នកជំងឺដែលទទួលបានអ័រម៉ូនជាមួយក្រុមមិនបានទទួល។
វេជ្ជបណ្ឌិត Sabra Klein ដែលសិក្សាទៅលើភាពខុសគ្នារវាងភេទនៅក្នុងការឆ្លងរោគបង្កដោយវីរុស និងការឆ្លើយតបពេលចាក់វ៉ាក់សាំងបានលើកឡើងថាបុរសវ័យចំណាស់មានការឆ្លងវីរុស COVID-19 ច្រើនជាងស្ត្រីវ័យចំណាស់ដែលកម្រិតអ័រម៉ូនមានការថយចុះក្រោយពីអស់រដូវ នេះបង្ហាញថាអាចពាក់ព័ន្ធនឹងកត្តាហ្សែន ឬអ្វីផ្សេងទៀតមិនមែនត្រឹមតែអ័រម៉ូនទេ។ សម្រាប់ការចាក់អ័រម៉ូន estrogen និងprogesterone អាចមានប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំរបស់បុរសដែរ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ