ក្រុមអ្នកជំនាញចិន១០រូប សហការជាមួយក្រសួងសុខាភិបាល នឹងធ្វើការបាញ់ថ្នាំកម្ចាត់វីរុសកូវីដ-១៩ រយៈពេល១៥ថ្ងៃ នៅតាមបណ្តារាជធានី-ខេត្តចំនួន១១
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី សមាគមប្រឹក្សាសុខភាពប្រជាជន បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១ និង១០យប់ លោកវេជ្ជបណ្ឌិត ជិន សំណាង ប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន បានទទួលក្រុមជំនាញស្មគ្រ័ចិត្តរបស់អង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue Organization – BSR) តាមច្រកទ្វារអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ក្រុមអ្នកជំនាញស្ម័គ្រចិត្តចំនួន១០រូប ដែលមកពី អង្គការសង្គ្រោះមេឃពណ៌ខៀវ បានមកបំពេញបេសកម្មរបស់ខ្លួនក្នុងការបាញ់ថ្នាំកម្ចាត់វីរុសកូវីដ-១៩ ក្នុងរយៈពេលប្រមាណ១៥ថ្ងៃ តាមណែនាំរបស់ក្រសួងសុខាភិបាល នៅតាមបណ្តារាជធានី-ខេត្ត។ តាមការបញ្ជាក់ពី ឯកឧត្ដម ប៉ៃ សំបូរ បានឲ្យដឹងថា ក្រុមអ្នកជំនាញចិនទាំង១០រូបនោះ នឹងសហការជាមួយក្រសួងសុខាភិបាលកម្ពុជា អាជ្ញាធរដែនដី និងវេទិការសម្ព័ន្ធសង្គមស៊ីវិល ដើម្បីបាញ់ថ្នាំកម្ចាត់វីរុសកូវីដ-១៩ នៅតាមតំបន់ ដែលមានផ្ទុះវីរុសនេះ បណ្តារាជធានី-ខេត្តទាំង១១រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តពោធិ៍សាត់៕
https://youtu.be/RQObgquvJKw

អត្ថបទ៖ សេម
រូបភាព៖ សមាគមប្រឹក្សាសុខភាពប្រជាជន