សុខភាព

ចិនត្រៀមផលិតវ៉ាក់សាំងកូវីដ-១៩ ប៉ុន្តែខ្វះអ្នកស្ម័គ្រចិត្តចូលរួម​តេស្តសាកល្បងវគ្គចុងក្រោយ

BY
Khmernote Media
May 2, 2020

វ៉ាក់សាំង​បង្កើត​ដោយ​ក្រុមហ៊ុន Sinovac Biotech បាន​ចាប់​ផ្តើម​តេស្ដ​សាកល្បង​លើ​មនុស្ស​ក្រោយ​ពី​ទទួល​បាន​លទ្ធផល​ល្អ​ពេល​តេស្ដ​លើ​សត្វ​ស្វា និង​ត្រៀមរួចរាល់សម្រាប់ការផលិតទ្រង់ទ្រាយ​ធំ ប៉ុន្តែខ្វះអ្នក​ស្ម័គ្រចិត្តចូលរួម​ក្នុង​ការសាកល្បង​ដំណាក់កាលទី៣។

ការ​សាកល្បង​លើ​មនុស្ស​ទើប​តែ​ចាប់ផ្តើម ក្រុមហ៊ុន​បាន​និយាយ​ថា​ត្រៀម​នឹង​បង្កើត​វ៉ាក់សាំង​១០០​លាន​វ៉ាក់សាំង​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ប្រឆាំង​នឹង​វីរុស COVID-19 ដែល​កំពុង​រាតត្បាត​ពេញ​ពិភពលោក​និង​សម្លាប់​មនុស្ស​ជាង ២២០ ០០០នាក់។

វ៉ាក់សាំង​នេះ​ផ្ទុក​ប្រភេទ​វីរុស SARS-CoV -2 ដែល​បង្ក​ជំងឺ​ COVID-19​ ដែល​មិន​សកម្មត្រូវ​បាន​ផលិត និង​វេច​ខ្ចប់​រួច​ហើយ​មាន​ឈ្មោះ​ថា Coronavac មាន​រហូត​ដល់​រាប់ពាន់​វ៉ាក់សាំង។ ប៉ុន្តែ​វ៉ាក់សាំង​នេះត្រូវ​ការ​រយៈពេល​យូរ​ក្នុង​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។

អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​ប្រាប់​ថា​ការ​បង្កើត​វ៉ាក់សាំង​អាច​ត្រូវ​ការ​រយៈពេល​ពី១២ ទៅ​១៨ខែ ហើយ​ក្រុមហ៊ុន Sinovac ក៏​មិន​ដឹង​ថា​ពេល​ណា​វ៉ាក់សាំង​អាច​បញ្ចេញ​លើ​ទីផ្សារ​បាន​ដែរ។ ក្រុមហ៊ុន Sinovac បាន​ចាប់ផ្តើម​តេស្ដ​មនុស្ស​ដោយ​បាន​ចាក់​វ៉ាក់សាំង​នេះ​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត ១៤៤នាក់ នៅ​ខេត្តជាំងស៊ូ នៅ​ក្នុង​ខែមេសា​នេះ។ ក្រុមហ៊ុន​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ទៅ​លើ​ការ​សាកល្បង​ដំណាក់កាល​ទី១ និង​ទី២​នៅ​ចុង​ខែ​មិថុនា​នេះ។

បន្ទាប់​ពី​នេះ​នឹង​បន្ត​ដំណាក់កាល​ទី៣​ ដើម្បី​ដឹង​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​នេះ​ទៅ​លើ​អ្នក​ឆ្លង​វីរុស COVID-19។ ប៉ុន្តែ​ក្រុមហ៊ុន Sinovac កំពុង​ជួប​បញ្ហា​សម្រាប់​ដំណាក់កាល​ទី៣ ដោយ​សារ​នៅ​ប្រទេស​ចិន​មាន​ចំនួន​អ្នក​ឆ្លង​តិច​មិន​គ្រប់គ្រាន់​ដែល​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន។ ដូចនេះ​ក្រុមហ៊ុន​អាច​នឹង​ត្រូវ​ការ​តេស្ដ​លើ​អ្នក​នៅ​ប្រទេស​ផ្សេង។

បច្ចុប្បន្ន​ក្រុមហ៊ុន Sinovac កំពុង​និយាយ​ជាមួយ​បណ្ដា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប និង​អាស៊ី ដោយ​ដំណាក់​កាល​ទី៣​ត្រូវ​ការ​អ្នក​ចូលរួម​រាប់​ពាន់​នាក់។ លោក Meng Weining អ្នក​ដឹកនាំ​កិច្ចការ​អន្តរជាតិ​លើក​ឡើង​ថា​ការ​រក​មនុស្ស​ច្រើន​បែប​នៅ​ប្រទេស​ផ្សេងៗ​មិន​ងាយ​ស្រួល​ទេ។ នៅពេល​ក្រុម​អ្នក​ស្រាវជ្រាវ​បន្តការ​សាកល្បង ក្រុមហ៊ុនក៏​នឹង​ត្រៀម​រួចរាល់​សម្រាប់​ការ​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: