មកដឹងពីលក្ខណៈពិសេសរបស់ OnePlus 6 ដែលទើបចេញយប់មិញនេះ!
- May 17, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus ដែលមានពាក្យស្លោកប្រចាំត្រកូលថា ‘never settle’ ទើបតែបានប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូនជំនាន់ទី6 របស់ខ្លួន ជាមួយនឹងការអភិវឌ្ឍដ៏អស្ចារ្យ។អាចនិយាយបានថា OnePlus គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន ប៉ុន្ដែផលិតផលរបស់ក្រុមហ៊ុននេះ គឺមិនចាញ់ក្រុមហ៊ុនខ្នាតយក្សមួយចំនួនឡើយ។
កំពូលស្មាតហ្វូន OnePlus 6 ត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Qualcomm Snapdragon 845 ជាមួយនឹងទំហំ RAM 8GB និងអង្គផ្ទុកទិន្នន័យ 256GB។ ផ្ទៃខាងក្រោយត្រូវបានស្រោបដោយកញ្ចក់រលោង និងរចនាបទថ្មីមើលទៅគួរឲ្យទាញទាញតែម្ដង។ ចំពោះសមត្ថភាពកាមេរ៉ាក៏ត្រូវបានអភិវឌ្ឍន៍ ហើយបច្ចេកវិទ្យាសាកថ្ម Dash Charge ក៏មានសមត្ថភាពខ្ពស់ជាងមុនផងដែរ។
ទាក់ទងទៅនឹងអេក្រង់របស់ OnePlus 6 គឺមានទំហំ 6.28អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 1080 x 2280 pixels ប្រភេទ OLED។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ម៉ូដែលកំពូលនេះក៏មានភ្ជាប់មកជាមួយនឹងក្បាលឆកដែរ។ សម្រាប់កាមេរ៉ាភ្លោះផ្នែកខាងក្រោយគឺមានទំហំ 16MP + 10MP ក្នុងកម្រឹត Aperture f/1.7 ជាមួយនឹងមុខងារទប់លំនឹង OIS ផងដែរ។ ក្រៅពីនេះ យើងក៏សង្កេតឃើញមានទំហំ sensor ធំជាងមុន 19% និងអាចថតវីដេអូបានកម្រឹត 4K 60fps។ ក្រឡេកមកមើលកាមេរ៉ាមុខរបស់ OnePlus 6 គឺមិនធម្មតាឡើយ ព្រោះក្រុមហ៊ុនបានធ្វើការអភិវឌ្ឍមុខងារដោយមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI និងមានទំហំរហូតដល់ទៅ 16MP ឯណោះ។
OnePlus 6 មានភ្ជាប់មកជាមួយនឹងទំហំថាមពលថ្ម 3,300mAh និងប្រើប្រាស់ USB-C ដើម្បីសាកថ្ម។ អ្វីដែលអស្ចារ្យបំផុតនោះគឺ បច្ចេកវិទ្យា Dash Charge មានភ្ជាប់មកជាមួយនឹងម៉ូដែលកំពូលនេះ ដែលមានសមត្ថភាពអាចសាកថ្មបានល្មប្រើពេញមួយថ្ងៃត្រឹមរយៈពេល 30នាទីប៉ុណ្ណោះ។
ប្រភព៖ phonearena | gsmarena
- Share This Post:













