បុគ្គលនយោបាយសំខាន់ៗ និងមហាសេដ្ឋីអាមេរិកជាច្រើននាក់ ត្រូវបាន Hacker លួចចូលគណនី ដើម្បីយកមកបង្ហោះសារបោកប្រាស់តាមរយៈ Bitcoin
- BY
- autoadmin
- July 16, 2020
ក្រុម Hacker មិនស្គាល់អត្តសញ្ញាណបានហែកចូលគណនី Twitter បុគ្គលល្បីៗជាច្រើនកាលពីថ្ងៃពុធ នៅក្នុងការឆបោកទាក់ទងនឹង Bitcoin រួមមានគណនីរបស់អតីតប្រធានាធិបតីអាមេរិក Barack Obama, បេក្ខភាពប្រធានាធិបត្យនាំមុនរបស់បក្សប្រជាធិបតេយ្យលោក Joe Biden, លោក Mike Bloomberg និងមហាសេដ្ឋីបច្ចេកវិទ្យាមួយចំនួន រួមទាំងនាយកក្រុមហ៊ុន Amazon លោក Jeff Bezos, សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates និងលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ។ ក្នុងចំណោមគណនីដែលលេចធ្លោដទៃទៀតដូចជា៖ Kanye West និង Kim Kardashian West បានបង្ហោះ Twitter ស្រដៀងគ្នា ដើម្បីស្នើសុំការបរិច្ចាគដោះដូរគ្នាតាមរយៈរូបិយប័ណ្ណឌីជីថល Bitcoin ទៅគណនីរបស់ពួកគេ។

ជិតពីរម៉ោងបន្ទាប់ពីរលកដំបូងនៃការ Hack ហើយមូលហេតុនៃការលួចចូលនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។ នៅក្នុងសញ្ញានៃភាពធ្ងន់ធ្ងរនៃបញ្ហានេះ Twitter បានចាត់វិធានការភ្លាមៗផងដែរ។ Twitter មិនបានផ្តល់ការបំភ្លឺទេ ប៉ុន្តែបាននិយាយនៅក្នុងគណនីរបស់ខ្លួនថា៖«យើងបានដឹងអំពីឧប្បត្តិហេតុអសន្តិសុខដែលប៉ះពាល់ដល់គណនីនៅលើ Twitter ។ យើងកំពុងស៊ើបអង្កេតនិងចាត់វិធានការដើម្បីជួសជុលវា។ យើងនឹងធ្វើបច្ចុប្បន្នភាពអ្នករាល់គ្នាឱ្យបានឆាប់»។
សាររបស់ Hscker បានបង្ហោះដូចៗគ្នាថា៖«អ្នកទាំងអស់គ្នាកំពុងស្នើសុំខ្ញុំឱ្យផ្ដល់លុយទៅវិញ ហើយឥឡូវនេះដល់ពេលហើយ…» ការបង្ហោះក្លែងក្លាយទាំងនោះបានសន្យាផ្តល់ជូនប្រាក់មកវិញចំនួន ២,០០០ដុល្លារ សម្រាប់រាល់ទឹកប្រាក់ ១,០០០ ដុល្លារ ដែលផ្ញើទៅឱ្យអាសយដ្ឋាន Bitcoin អនាមិក។ វាដូចជាការឱ្យមុន ១ បានទៅវិញ ២ អីចឹងដែរ។ យ៉ាងណាក៏ដោយគេមិនឃើញថា Hacker មានបញ្ហាជាមួយបុគ្គលខ្លួនផ្ទាល់នោះទេ ក្រៅពីពួកវាត្រូវការគណនីរបស់បុគ្គលទាំងនោះ មកប្រើជាការបង្ហោះសារបោកប្រាស់នេះ។ ឥឡូវនេះ Twitter កំពុងរងការចោទសួរពីភាពអសន្តិសុខនៅលើបណ្ដាញរបស់ខ្លួន ទោះបីមានការដោះស្រាយភ្លាមៗក៏ដោយ៕



អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






