Apple ប្តេជ្ញានឹងឈប់ប្រើប្រាស់កាបូន នៅក្នុងផលិតផលរបស់ខ្លួនទាំងអស់ ឱ្យបាននៅត្រឹមឆ្នាំ២០៣០
- BY
- autoadmin
- July 21, 2020
ក្រុមហ៊ុន Apple បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ដោយបានប្រកាសថា នឹងអនុវត្តអព្យាក្រឹតកាបូនទាំងស្រុង (carbon neutral) នៅឆ្នាំ២០៣០។ ការសន្យានេះនឹងគ្របដណ្តប់លើមុខជំនួញរបស់ខ្លួនទាំងមូល រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ដំណើរការផលិតកម្ម និងអាយុកាលផលិតផល។ យោងតាមការបង្ហោះរបស់ក្រុមហ៊ុន Apple បានឱ្យដឹងថា ទូរស័ព្ទ iPhone ដែលអតិថិជននឹងទិញនៅឆ្នាំ២០៣០ នឹងគ្មានផលប៉ះពាល់ដល់អាកាសធាតុនោះទេ រួមទាំងថាមពលផ្ដល់ទៅឧបករណ៍ផងដែរ។

ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនគ្រោងសម្រេចគោលបំណងនេះជាមួយនឹងការកាត់បន្ថយការប្រើប្រាស់កាបូននៅក្នុងផលិតផលរបស់ខ្លួនឱ្យបាន ៧៥% ត្រឹមឆ្នាំ២០៣០ ដោយប្រើប្រាស់ថាមពលដែលមានប្រសិទ្ធិភាពនិងកកើតឡើងវិញបាន ខណៈនឹងបង្កើតដំណោះស្រាយកម្ចាត់កាបូនចេញពីបរិស្ថានប្រកបដោយភាពច្នៃប្រតិដ្ឋ ២៥% បន្ថែមទៀត។ ក្រុមហ៊ុនបាននិយាយថា ប្រតិបត្តិការសាជីវកម្មសកលរបស់ខ្លួន ដូចជាការិយាល័យ និងមជ្ឈមណ្ឌលទិន្នន័យ សុទ្ធតែអនុវត្តបាននូវអព្យាក្រឹតកាបូនរួចទៅហើយ ប៉ុន្តែក្រុមហ៊ុននឹងពង្រីកកិច្ចខិតខំប្រឹងប្រែងនេះទៅដល់អ្នកផ្គត់ផ្គង់រាប់ពាន់ ដែលចូលរួមចំណែកក្នុងផលិតផលរបស់ខ្លួន៕



អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






