រដូវភ្ជុំជួបជុំបងប្អូន ក្លែមសប្បាយឲ្យចេះគិត ប្រយ័ត្នពុលស្រារហូតគ្រោះថ្នាក់ដល់ជីវិត
- September 15, 2020
ជាទូទៅ ទាំងគេទាំងយើង ឲ្យតែមានឱកាសជួបជុំបងប្អូន និយមញ៉ាំអាហារ និងមានក្លែមស្រាតិចតួច ដើម្បីបង្កើតជាបរិយាកាសសប្បាយៗ។ ប៉ុន្តែ មានគ្នាយើងខ្លះសប្បាយរហូតភ្លេចគិតដល់សុខភាព អាចធ្វើឲ្យក្លាយជាទុក្ខ សប្បាយលែងចេញ ខ្លះពុលស្រាដោយមិនដឹងខ្លួនបាន។
តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានបកស្រាយឲ្យដឹងថា មិនថាក្នុងឱកាសបុណ្យជាតិ ឬពេលណាទេ ឲ្យតែបានជុំបងប្អូនសាច់ញាតិ មនុស្សភាគច្រើនចូលចិត្តផឹកស្រា ក្លែមសាច់ឆ្ងាញ់ៗ បង្កើតជាបរិយាកាសសប្បាយ ព្រោះគិតថាយូរៗជុំគ្នាម្ដង តែខ្លះផឹកស្រាមិនចេះគិត រហូតពុលស្រាគ្មានដឹងអី ។
អាការៈពុលស្រា ភាគច្រើនកើតឡើងនៅពេលដែលយើងផឹកស្រាច្រើនក្នុងរយៈពេលខ្លី។ ពុលស្រានេះ មិនមែនជាបញ្ហាតូចតាចទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ បណ្ដាលឲ្យស្លាប់បាន។ ក្នុងករណីដែលយើងពុលស្រា វានឹងបង្ហាញឲ្យឃើញរោគសញ្ញាមួយចំនួនដូចជា៖
– វង្វេងវង្វាន់
– ពិបាកក្នុងការនិយាយ
– បាត់បង់លំនឹងរាងកាយ
– ក្អួត ចុកពោះ រាក
– ដកដង្ហើមមិនប្រក្រតី
– ខ្លួនចុះត្រជាក់
– ស្បែកឡើងត្រជាក់
– បាត់បង់ស្មារតី
– ភាំង ស្រឡាំងកាំង.
បើពុលស្រា អាចធ្វើឲ្យយើងប្រឈមនឹងគ្រោះថ្នាក់ខ្លាំងដែរអត់?
លោកវេជ្ជបណ្ឌិត បន្តថា ការពុលស្រាអាចធ្វើឲ្យយើងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ដូច គាំងបេះដូង ប្រកាច់ដោយសារជាតិស្ករចុះទាប រាងកាយចុះត្រជាក់ខ្លាំង បាត់បង់ជាតិទឹក (អាចខូចខួរក្បាលរហូត បើធ្ងន់ធ្ងរ) ស្លាក់នឹងកម្អួត ឬហឺតយកកម្អួតខ្លួនឯង បណ្ដាលឲ្យស្លាប់ដោយសារស្ទះ និងខូចខាតសួត។
ក្នុងករណីដែលយើងផឹកស្រាច្រើនហួសហេតុ ឬពុលស្រាខ្លាំង ត្រូវរកគ្រូពេទ្យឲ្យជួយ ឬមួយក៏ជូនអ្នកពុលស្រាទៅមន្ទីរពេទ្យផ្ទាល់ ហើយត្រូវចាំថា មិនត្រូវផ្ដល់អាហារ ភេសជ្ជៈ ឬថ្នាំពេទ្យ ទៅជនរងគ្រោះឡើយ ព្រោះវាសុទ្ធតែអាចធ្វើឲ្យអ្នកពុលស្រា កាន់តែប្រឈមគ្រោះថ្នាក់ខ្លាំងថែមទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: