បើនៅបន្ដធ្វើ០៦ចំណុចនេះ កុំឆ្ងល់ថាហេតុអ្វីបានជាកាសឆាប់ខូចម្លេះ
- June 5, 2018
ក្នុងសម័យនេះ នរណាៗក៏ត្រូវការការប្រើប្រាស់កាសស្ដាប់ត្រចៀកដែរដើម្បីនិយាយទូរស័ព្ទ រឺស្ដាប់តន្ត្រីនានា។ ដោយឡែក មានមនុស្សមួយចំនួនហ៊ានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញកាសល្អមួយ ប៉ុន្ដែមិនបានយូរប៉ុន្មានផងកាសនោះក៏ខូច ហើយត្រូវទិញថ្មីមួយទៀត នេះពិតជារឿងខ្ជះខ្ជាយមែន។
អ្នកអាចនឹងមិនដឹងថា មូលហេតុដែលបណ្ដាលឲ្យកាសរបស់អ្នកឆាប់ខូចគឺមិនមែនមកពីគុណភាពកាសមិនល្អនោះទេ តែមកពីអ្នកខ្លួនឯងដែលប្រើប្រាស់មិនបានត្រឹមត្រូវ។ ខាងក្រោមនេះ គឺជាកំហុសឆ្គងទាំង 6ចំណុចដែលអ្នកគួរជៀសវាងដើម្បីរក្សាគុណភាពកាសឲ្យនៅល្អ និងប្រើប្រាស់បានយូរ។
០១. ខ្សែកាស
ចំណុចសំខាន់មួយដែលអ្នកប្រើប្រាស់កាសភាគច្រើនតែងធ្វេសប្រហែស គឺខ្សែកាសផ្ទាល់តែម្ដង។ ការបញ្ជូនសម្លេងប្រព្រឹត្តទៅបានគឺអាស្រ័យខ្សែ ពោលគឺប្រសិនបើខ្សែត្រូវបានប៉ះពាល់ រឺខូច នោះគ្រប់យ៉ាងគឺចប់តែម្ដង។ ដូចនេះអ្នកមិនគួរទម្លាប់បណ្ដោយឲ្យកាសរមូលរញ៉េរញ៉ៃពេកទេ។

០២. មិនប្រើប្រាស់ស្រោមការពារ
វិធីសាស្ត្រមួយទៀតក្នុងការរក្សាខ្សែកាសឲ្យនៅមានគុណភាពល្អ គឺប្រើស្រោមការពារដែលជាធម្មតាមានភ្ជាប់មកស្រាប់ពេលទិញកាស។ ថ្វីបើម៉ូដែលកាសមួយចំនួនត្រូវបានរចនាឡើងដោយឲ្យអ្នកពិបាកក្នុងការរក្សាទុកមែនពិត តែអ្នកគួរព្យាយាមសម្របតាម ហើយរក្សាកាសក្នុងស្រោមជានិច្ចរាល់ពេលឈប់ប្រើ។

០៣. យល់ដឹងមិនច្បាស់ពីកម្រឹត IP
Water-resistant និង waterproof គឺមិនដូចគ្នាឡើយ ឯកម្រឹត IP ក៏ខុសគ្នាដែរ។ ពាក្យថា IP គឺជាអក្សរកាត់របស់ Ingress Protection ហើយជាបច្ចេកវិទ្យាថ្មីដែលមានសមត្ថភាពអាចទប់ស្កាត់ធូលីដី និងទឹកមិនឲ្យចូលក្នុងឧបករណ៍បាន។ សម្រាប់កម្រឹត 0 គឺបានន័យថាគ្មានការការពារ លេខ 6 បានន័យមានការការពារល្អ និងអក្សរ X គឺនៅកម្រឹតកណ្ដាល ពោលគឺលើកម្រឹត 0 បន្ដិច។
ចំពោះអក្សរទីពីរនៃ IP គឺបានន័យថាការការពារជាមួយនឹងវត្ថុរាវ។ លេខ 0 គឺគ្មានការការពារដដែល ឯលេខ 8 គឺល្អបំផុត ហើយអាចមុជចូលក្នុងទឹកបានជ្រៅជាងមួយម៉ែត្រដោយគ្មានផលប៉ះពាល់អ្វីទាំងអស់។ ដូចនេះ ប្រសិនបើកម្រឹតការពាររបស់អ្នកគឺ IPX8 នោះបានន័យថាការការពារធូលីគឺនៅមានកម្រឹត តែការការពារលើវត្ថុរាវគឺល្អបំផុត។ ដោយឡែក សម្រាប់ពេលបច្ចុប្បន្ន ស្មាតហ្វូនកំពូលៗមួយចំនួនមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា IP68 ដែលបានន័យថា ល្អបំផុតទាំងការការពារធូលីដី និងទឹកផងដែរ។
មនុស្សមួយចំនួនធំពុំទទួលបានការយល់ដឹងច្បាស់ទាក់ទងទៅនឹងកម្រឹតការពារនេះ ហើយប្រើប្រាស់កាសខុស ពោលគឺក្រោមមេឃភ្លៀង រឺហាត់ប្រាណជាដើមដែលបណ្ដាលឲ្យញើស និងជាតិសំណើមផ្សេងៗចូលទៅក្នុងកាសបាន។ ប្រសិនបើកាសទាំងនោះមានបច្ចេកវិទ្យាការពារ IP គឺមិនមែនជាបញ្ហាឡើយ ប៉ុន្ដែផ្ទុយទៅវិញប្រសិនបើកាសទាំងនោះគ្មានការការពារទេ នោះវានឹងឆាប់ខូចដោយសារសំណើម។

០៤. បើកសម្លេងលឺៗពេក
សម្រាប់ចំណុចនេះ អ្នកទាំងអស់គ្នាប្រាកដជាយល់ហើយថា ការបើកសម្លេងលឺៗខ្លាំងពេកអាចបណ្ដាលឲ្យកាសខូច ហើយត្រចៀកយើងក៏អាចទទួលរងបញ្ហាដូចគ្នាដែរ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរព្យាយាមស្ដាប់កាសក្នុងកម្រឹតសម្លេងសមស្របមួយ ហើយកុំបើកអស់ពេក។
០៥. ស្និតស្នាលជាមួយសត្វចិញ្ចឹមពេក
មើលទៅអាចជាការកំសាន្តមួយពេលយកកាសទៅពាក់ឲ្យសត្វចិញ្ចឹម ហើយតាំងខ្លួនដូចជាឌីជេ។ ប៉ុន្ដែការធ្វើបែបនេះ អាចបណ្ដាលឲ្យកាសរបស់អ្នកខូចគុណភាពបានដោយសាររោមរបស់វាចូលទៅក្នុងកាស។ មួយវិញទៀត ភាគច្រើននៃសត្វចិញ្ចឹមតែងខាំកាសរបស់អ្នកដោយគ្មានមូលហេតុប្រសិនបើអ្នកប្រហែស។ ដូចនេះ សូមប្រយ័ត្នឲ្យបានខ្ពស់ជាងមុន និងកុំស្និតស្នាលជាមួយសត្វចិញ្ចឹមពេក។

០៦. មិនហ៊ានចំណាយច្រើន
ចំណាយតិច គឺអស់ប្រាក់តិច ប៉ុន្ដែគុណភាពផលិតផលរបស់អ្នកដែលទទួលបានក៏ទាបទៅតាមនឹងដែរ។ ជាការល្អ អ្នកគួរចំណាយប្រាក់ទិញកាសដែលមានគុណភាពល្អមួយដើម្បីប្រើប្រាស់ ហើយស្វែងយល់ពីលក្ខណៈពិសេសរបស់វាឲ្យច្បាស់ជៀសវាងការប្រើប្រាស់ខុស។
Fu
ប្រភព៖ pcmag
- Share This Post:






