បច្ចេកវិទ្យា

មុខងារពិសេសៗទាំង៦ ដែលមាននៅលើ MacOS ជំនាន់ថ្មី

BY
Khmernote Media
June 9, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple បានដាក់បង្ហាញ Software Update ជំនាន់ថ្មី ដែលមានទាំងប្រតិបត្តិការ iOS ជំនាន់ថ្មី និង MacOS ជំនាន់ ហើយសម្រាប់ MacOS ជំនាន់នេះមានឈ្មោះថា MacOS Mojave ដែលមានមុខងារថ្មីៗជាច្រើន។ ខាងក្រោមនេះគឺជាមុខងារពិសេសទាំង៦ ដែលមាននៅលើ MasOS Mojave៖

១. Dark Mode៖ ឆ្នាំនេះ Apple បាននាំយកមុខងារ Dark Mode ដែលជាមុខងារសម្រាប់ប្តូរផ្ទៃអេក្រង់ទៅជាពណ៌ខ្មៅ ដើម្បីឲ្យងាយស្រួលមើលនៅទីងងឹត ជៀសវាងមិនឲ្យប៉ះពាល់ដល់ភ្នែក។

២. Stacks៖ មុខងារនេះគឺជាមុខងារ ដែលរៀបចំឯកសារនានានៅលើផ្ទៃអេក្រង់ អោយមានសណ្តាប់ធ្នាប់ កុំឲ្យសភាពរញ៉េរញ៉ៃពេញអេក្រង់។ ហើយ Stacks ក៏អាចកំណត់ឲ្យរៀបចំតាមប្រភេទឯកសារ តាមពេលវេលា ឬតាម Tag ដែលយើងកំណត់ផងដែរ។

៣. Continuity Camera៖ សម្រាប់ MacOS Mojave នេះកាន់តែធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលជាមួយមុខងារ Continuity Camera ដែលវាអាចឲ្យយើងប្រើប្រាស់កាមេរ៉ា iPhone ធ្វើការថតរូប ហើយរូបភាពនោះនឹងបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងឯកសារនៅលើ Mac ដែលយើងកំពុងតែធ្វើការងារតែម្តង។ ហើយវាក៏ប្រើប្រាស់កាមេរ៉ាទូរស័ព្ទ ដើម្បីស្គែនឯកសារនានាបានផងដែរ ហើយឯកសារដែលបានស្គែនហើយនោះនឹងលោតចូលកុំព្យួទ័រភ្លាមៗតែម្តង មិនចាំបាច់ដោតខ្សែអ្វីឡើយ។

៤. Better screenshot tools៖ មុខងារ Screenshot លើកនេះកាន់តែប្រសើរជាងមុន គឺអ្នកប្រើប្រាស់ទាំងអស់គ្នាថតជាវីដេអូបានថែមទៀត ហើយអាចចែករំលែករូបភាព និងវីដេអូ ដែលបានថត បានភ្លាមទៀតផង។

៥. Quick Look៖ Quick Look អាចនិយាយបានថា ជាមុខងារសម្រាប់ preview រូបភាព វីដេអូ និងឯកសារ ប៉ុន្តែសម្រាប់ MacOS ថ្មីនេះ វាមិនត្រឹមតែអាចធ្វើមុខងារដូចខាងលើនោះទេ វាថែមទាំងអាច edit ទាំងរូបភាព វីដេអូ និងឯកសារបានភ្លាមៗតែម្តង។

៦. Added security៖  ដោយសារតែគិតគូរពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន Apple បានបង្កើតមុខងារនេះឡើង ដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់នៅលើអនឡាញ ហើយថែមទាំងមានប្រព័ន្ធរារាំងមិនឲ្យមានការតាមដានរាល់សកម្មភាពរបស់អ្នកប្រើប្រាស់អិនធើណេតឡើយ៕

អត្ថបទ៖ ឌី
ប្រភព៖ businessinsider

Share This Post: