ព័ត៌មានជាតិ

(Update)-ក្រពើដែលលោកពូម្នាក់ដឹកកាលពីព្រឹកមិញ សមត្ថកិច្ចបញ្ជាក់ថា ជាក្រពើដែលចាប់បានកាលពីយប់ គ្រាន់តែព្រឹកឡើងទើបដឹកទៅកសិដ្ឋានវិញ

BY
Khmernote Media
October 18, 2020

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ មានក្រពើទំងន់ជាង៣០គីឡូក្រាមមួយក្បាល បានរួចចេញពីអាងចិញ្ចឹមបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ខណៈដែលខណ្ឌដង្កោកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបានហៀរចេញពីសណ្តរស្ទឹងព្រែកត្នោត។ ហើយកាលពីយប់មិញនេះ ក្រពើដែលរួចនៅសង្កាត់ព្រែកកំពឹស ត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកកំពឹស និងប្រជាការពារសង្កាត់នាំគ្នាចាប់បានវិញហើយ ដែលវាមានទំងន់ប្រមាណដល់ទៅ៥០គីឡូឯណោះ។

ចំណែកព្រឹកមិញនេះថ្ងៃទី ១៨ តុលា ២០២០ យោងតាមគណនីហ្វេសបុក Smey Yoxic បានបង្ហោះវីដេអូលោកពូម្នាក់អូសក្រពើ ហើយបានបញ្ជាក់ថា “ប្រុងប្រយ័ត្នមិនមែនរួច1ទេ​….តា​ហានិភ័យ​ចាប់បានឡាំឌួយ🐊40kgមួយក្បាលទៀត​ ព្រឹកថ្ងៃទី18.10.20 ទីតាំង:ព្រែកកំពឹស”។ ចំពោះករណីនេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកកំពឹសបានបញ្ជាក់ប្រាប់នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះថាពុំមានករណីប្រជាពលរដ្ឋចាប់បានក្រពើមួយទៀតនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នោះទេ ។ សមត្ថកិច្ចបញ្ជាក់ថា ជាក្រពើដែលចាប់បានកាលពីយប់ គ្រាន់តែព្រឹកឡើងទើបដឹកទៅកសិដ្ឋានវិញ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការភ័ន្តច្រឡំ៕

 

Share This Post: