ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទឹកហូរធ្លាក់យ៉ាងគំហុកពីថៃ ជន់លិចឃុំមួយចំនួនក្នុងស្រុកថ្មពួក និងលិចមន្ទីរពេទ្យបង្អែកថ្មពួក ហើយអ្នកជម្ងឺជាច្រើនត្រូវជម្លៀសចេញទៅកន្លែងសុវត្ថិភាព

    BY Khmernote Media October 19, 2020
    ទឹកហូរធ្លាក់យ៉ាងគំហុកពីថៃ ជន់លិចឃុំមួយចំនួនក្នុងស្រុកថ្មពួក និងលិចមន្ទីរពេទ្យបង្អែកថ្មពួក ហើយអ្នកជម្ងឺជាច្រើនត្រូវជម្លៀសចេញទៅកន្លែងសុវត្ថិភាព

    ខេត្តឧត្តរមានជ័យ៖ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២០​ ឯកឧត្តម សាស្រ្តចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ដឹកនាំក្រុមការងារ​ ដែលមានវត្តមាន​លោកជំទាវវេជ្ជបណ្ឌិត​ លី​ អាយឡែន​ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា​ លោកជំទាវរដ្ឋលេខាធិការពីរនាក់​ និងមន្ត្រីសុខាភិបាលមួយចំនួនទៀត​ បានធ្វេីដំណេីរចុះទៅ​ពិនិត្យស្ថានភាពទឹកជំនន់ជន់លិចមន្ទីរពេទ្យថ្មពួក​ និងមូលដ្ឋានសុខាភិបាលមួយចំនួន​ នៅក្នុងខេត្តបន្ទាយមានជ័យ។

    យោងតាមរបាយការណ៌ពីលោកវេជ្ជបណ្ឌិត​ ឡេ​ ច័ន្ទសង្វាត​ ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យក្រុមការងារដឹងថា: នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៩:២១ នាទី មានទឹកហូរធ្លាក់យ៉ាងគំហុក លិចពីប្រទេសថៃ ជន់លិចឃុំមួយចំនួនរបស់ស្រុកថ្មពួក​ ក្នុងនោះ​ បានធ្វេីឲ្យមានការជន់ទឹកលិចមន្ទីរពេទ្យបង្អែកថ្មពួក ស្រុកប្រតិបត្តិថ្មពួក និងមណ្ឌលសុខភាពគំរូ ដែលទីតាំងទាំងបីនេះ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកថ្មពួក​ ដោយមានកំពស់ទឹកជន់លិច ប្រហែល១ម៉ែត្រ ហើយកន្លែងខ្លះអាចលើសពីនេះ។

    ចំពោះអ្នកជម្ងឺចំនួន១៣នាក់​ដែលកំពុងព្យាបាល​ ត្រូវបានជួយសង្រ្គោះជម្លៀសដឹកចេញទៅកាន់មន្ទីរពេទ្យបង្អែកស្វាយចេក បានទាន់ពេលវេលា ហើយករណីជំងឺធ្ងន់០១នាក់​ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តមង្គលបូរី រីឯអ្នកជម្ងឺផ្សេងទៀតចំនួន​ ២៧នាក់​ ដែលមានសភាពធូរស្បើយ ខ្លះ​ បានសុំចេញ​ទៅផ្ទះ​ ខ្លះទៀតត្រូវបាននាំយកចេញទៅសម្រាកនៅផ្ទះបងប្អូននៅជិតមន្ទីរពេទ្យដែលមិនលិចទឹក។

    រីឯសម្ភារ:-បរិក្ខាពេទ្យសំខាន់ៗ ដូចជា ម៉ាស៊ីនអេកូសាស្រ្ត ឱសថ និងបរិក្ខាពេទ្យសំខាន់ៗមួយចំនួន ត្រូវបានកម្លាំងកងទ័ពជួយអន្តាគមន៍លីសែងដាក់លើទូក យកមកលើគោក។ ចំពោះ អគ្គិសនី ត្រូវបានបិទទាំងស្រុង ហេីយស្ថានភាពជាក់ស្តែង​ តាមការពិនិត្យជាបឋម ទំហំនៃការខូចខាតមន្ទីរពេទ្យបង្អែកថ្មពួកនេះ​ គឺអាចលើសពី ៧០%។​ រីឯបុគ្គលិក និងក្រុមគ្រូពេទ្យមួយចំនួនធំដែលបម្រេីការនៅក្នុងមន្ទីរពេទ្យបង្អែកថ្មពូក ក៏ត្រូវរងនូវទឹកជន់លិចលង់ផ្ទះសម្បែងរបស់ពួកគាត់ដែរ។

    ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ ឯ.ឧ.​ សាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ បានសំដែងនូវការសោកស្តាយចំពោះគ្រោះទឹកជំនន់នេះ​ ហេីយបានណែនាំមន្ទីរសុខាភិបាលខេត្ត​ ចាត់ចែងបន្ត​ ឲ្យមានក្រុមគ្រូពេទ្យចល័ត​ និងប្រចាំការ​ បន្តការយកចិត្តទុកដាក់ផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ​ និងណែនាំឲ្យរៀបចំផែនការសម្រាប់រៀបចំឡេីងវិញនូវការខូចខាតទាំងប៉ុន្មាន​ ក្រោយពេលទឹកស្រកទៅវិញ​ ព្រមទាំងអំពាវនាវឲ្យបងប្អូនប្រជាលរដ្ឋ​ មានការប្រុងប្រយ័ត្ន​ រក្សាអនាម័យដៃ​ និងខ្លួនប្រាណ​ ឲ្យបានជាប់ជាប្រចាំ​ អនាម័យចំណីអាហារ​ ពិសេសត្រូវប្រេីប្រាស់ទឹកស្អាត​ ពិសារទឹកដាំពុះ​ ដេីម្បីចៀសវាងជំងឺរាករូស​ រាកមួយ​ ឫពុលចំណីអាហារ​ ប្រយ័ត្នពស់ចឹក​ និងសត្វអសិរពិសទិចឫខាំ​ ការពារកូនចៅក្រែងលង់ទឹក​ និងការពារជំងឺឆ្លង​ដូចជាគ្រុនផ្តាសាយធំ​ គ្រុនឈីក​ គ្រុនឈាម​ គ្រុនចាញ់​ ជំងឺរលាកផ្លូវដង្ហេីម​ ជំងឺកូវីដ-១៩​ ជំងឺរលាកបំពង់ក​ កមរមាស់ជាដេីម។

    ឯកឧត្តមសាស្រ្តរដ្ឋមន្រ្តី ពិនិត្យកាេងារ ក៏បានចែកមុងនៅទីទួលសុវត្ថិភាព នៅស្រុកមង្គលបូរីចំនួន ២០០គ្រួសារផងដែរ។

    ព័ត៌មានផ្តល់ជូនដោយលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជសអ្នកនាំពាក្យក្រសួងសុខាភិបាល​ ដែលបានចូលរួមចុះពិនិត្យដោយផ្ទាល់នៅមន្ទីរពេទ្យបង្អែកថ្មពួក​ ខេត្តបន្ទាយមានជ័យ។

    Share This Post: