សូមប្រុងប្រយ័ត្ន! កម្ពុជាកំពុងបន្តទទួលរងឥទ្ធិពលខ្យល់មូសុង ដែលអាចមានភ្លៀងធ្លាក់រាយប៉ាយទៀត
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលា បានឲ្យដឹងថា កម្ពុជាយើងបានកំពុងនឹងបន្តទទួលនូវខ្យល់មូសុងនិរតី ដែលមានកម្រិតមធ្យម ប្រព័ន្ធសម្ពាធទាបនៅបន្តអូសបន្លាយកាត់ពីលើ។ ទន្ទឹមនឹងនោះនៅក្នុងមហាសមុទ្រស្ថិតនៅខាងកើតប្រទេសហ្វីលីពីន នឹងអាចមានការក៏កើតឡើងនូវព្យុះទី១៧ ឈ្មោះហ សូដែល (SAUDEL) ដែលតាមការព្យាករជាលក្ខណៈតំបន់បង្ហាញឲ្យឃើញថា ព្យុះនេះនឹងធ្វើដំណើរចូលភាគខាងជើងវៀតណាម ត្រង់ចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី២៥-២៦ ខែតុលា។ ព្យុះនេះអាចមានឥទ្ធិពលបន្តិចបន្ទួចប៉ុណ្ណោះនៃភាគឦសាន្ត ប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុប្រែប្រួល៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ
នឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។

៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅបង្គួរ។
ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ទន្ទឹមនឹងនោះ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា អាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕
