ហូបចុកជ្រុល ប្រពន្ធតេមកថា ជិតសម្រាលកូនហើយ ទើបប្តីបើករថយន្ត TACOMA ប្រញាប់ទៅមើលប្រពន្ធនៅមន្ទីរពេទ្យ ក៏ជ្រុលបុករថយន្ត Ford ខ្ទេចពេញទំហឹង
រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីហូបចុកជ្រុលបន្តិច បើករថយន្ត TACOMA ប្រញាប់ទៅមើលប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យ បានពាក់កណ្ដាលផ្លូវក៏ងោកមួយភាំង រេចង្កូតទៅបុកពីក្រោយរថយន្ត Ford ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងពីរគ្រឿង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅនាម៉ោង១០យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ត្រង់ចំណុចមុខស្ថានីយ៍ប្រេង PTT លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ្វត(Ford) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BF-2257 បើកបរដោយបុរសម្នាក់ និងយុវជនម្នាក់ទៀតជាអ្នករួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ខណៈពេលដែលមកដល់ចំណុចកើតហេតុបានអែបមកខាងស្ដាំដៃឈប់មុខផ្ទះលក់ភេសជ្ជៈនិងចាប់ហួយមួយកន្លែង ដើម្បីទិញទឹកពិសារ ។
ប្រភពបន្តថា ខណៈពេលដែលកំពុងរង់ចាំអ្នកលក់យកទឹកមកឱ្យ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកតាកូម៉ា(TACOMA) ពាក់ស្លាកលេខភ្នំពេញ 2AK-4775 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹង បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន បានមកបុកចំពីក្រោយរថយន្ត Ford ចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលខ្ទាតឡើងចិញ្ចើមផ្លូវ ចំណែករថយន្តបង្កបានបន្តដំណើរទៅមុខប្រហែល២០ម៉ែត្រទៀត ទើបអស់ល្បឿនបើកទៅមុខលែងរួច បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។
បើតាមសម្ដីម្ចាស់រថយន្ត TACOMA បានរៀបរាប់ប្រាប់ដែរថា នៅមុនពេលកើតហេតុ រូបគាត់បានហូបចុកបន្តិចបន្តួចជាមួយអ្នកស្គាល់គ្នា តែហូបជ្រុល ស្រាប់តែប្រពន្ធទូរស័ព្ទមកប្រាប់ថា ជិតសម្រាលកូនហើយ ទើបរូបគាត់ ប្រញាប់បើករថយន្តខាងលើ ធ្វើដំណើរទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីទៅមើលប្រពន្ធសម្រាលកូនទី៣ តែធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែងោលមួយភាំង ហើយរេចង្កូតមកខាងស្ដាំដៃទៅបុករថយន្ត Ford នោះតែម្ដង ។ ទោះជាយ៉ាងណាក៏ដោយម្ចាស់រថយន្ត TACOMA ដែលស្រវឹងទ្រេតទ្រោតនោះ បានទូរស័ព្ទហៅសាច់ញាតិមកកន្លែងកើតហេតុ ដើម្បីចរចារគ្នាជាមួយភាគីម្ខាងទៀតផងដែរ ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបង្ក បានយល់ព្រមយករថយន្ត Ford ទៅជួសជុលអោយ ដើម្បីបញ្ចប់រឿងតែម្ដង មិនរំខានសមត្ថកិច្ចចុះមកវាស់វែងឡើយ ៕

ដោយ៖ បងម៉េង ខ្មែរណូត