ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    (Update) – ក្មេងស្រីដែលត្រូវទឹកគួចបាត់ខ្លួននៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយកាលពីម្សិលមិញ ឥលូវនេះរកសពឃើញហើយ

    BY Khmernote Media October 22, 2020
    (Update) – ក្មេងស្រីដែលត្រូវទឹកគួចបាត់ខ្លួននៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយកាលពីម្សិលមិញ ឥលូវនេះរកសពឃើញហើយ

    ខេត្តព្រះសីហនុ-នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការស្វែងរកក្មេងស្រីម្នាក់ ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៃតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ ។ ក្មេងស្រីរងគ្រោះឈ្មោះ រឿង បញ្ញា អាយុ១៣ឆ្នាំ មុខរបរសិស្ស រៀននៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់បណ្ដោះអាសន្ននៅអូរ៥ ស្ថិតភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

    សូមបញ្ជាក់ថាប្រតិបត្តិការស្វែងរកក្មេងស្រីខាងលើ គឺធ្វើឡើងនៅវេលាម៉ោង០២រសៀល បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដោយប្រើប្រាស់កម្លាំងសរុបរបស់ខេត្តធ្វើការរុករកនៅលើទីតាំងដែលក្មេងស្រីខាងលើរអិលជើងធ្លាក់ចូល និងទីតាំងផ្សេងទៀត រហូតដល់ម៉ោង១៨ និង០០នាទីយប់ នៅតែមិនទាន់រកឃើញ។ តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញបានលើកឡើងថា ក្មេងស្រីខាងលើគឺស្លាប់បាត់បង់ជីវិតហើយ។ ដោយសារស្ថានភាពយប់ងងឹត និងល្បឿនទឹកធ្លាក់បោកចុះខ្លាំង ទើបឯកឧត្តមអភិបាលខេត្ត សម្រេចដកកម្លាំង រុករកឡើងមកលើគោកវិញជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពរបស់ក្រុមជួយសង្រ្គោះ។ ទន្ទឹមនេះឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវផែនការស្វែងរកក្មេងស្រីរងគ្រោះនៅព្រឹកស្អែកបន្តទៀត ដោយឯកឧត្តម មានប្រសាសន៍បន្ថែមថាទោះបីក្មេងស្រីខាងលើស្លាប់បាត់ជីវិតក៏ដោយ ក៏យើងត្រូវស្វែងរកសាកសពឱ្យឃើញដែរ។

    លុះដល់ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ប្រតិបត្តិការស្វែងរកក្មេងស្រីបានចាប់ផ្តើមបន្ត ហើយនៅវេលាម៉ោងជិត០៨ព្រឹក សមត្ថកិច្ចនិងក្រុមង្គ្រោះបានបញ្ជាក់ថា បានស្វែងរកសាកសពក្មេងស្រីរងគ្រោះឃើញហើយ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: