ហ៊ានណាស់! បង្ហោះលក់កាំភ្លើងតាមហ្វេសប៊ុក ចុងក្រោយត្រូវសមត្ថកិច្ចក្របួចជាប់
ខេត្តស្វាយរៀង៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបង្ហោះលក់កាំភ្លើងតាមបណ្ដាញសង្គម Facebook នៅខេត្តស្វាយរៀង។ ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ អ៊ាន សម្បត្តិ អាយុ៣២ឆ្នាំ នៅចំណុចភូមិទួលស្រងាំ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ហើយជននេះបានផ្សព្វផ្សាយលក់កាំភ្លើងគ្រប់ប្រភេទ តាមបណ្ដាញសង្គមហ្វេសប៊ុក។

តាមការបញ្ជាក់ពីជនសង្ស័យបានឲ្យដឹងថា ខ្លួនបានបង្កើតគណនីហ្វេសប៊ុកជាច្រើនដែលសុទ្ធតែជាគណនីក្លែងក្លាយ និងបានធ្វើសកម្មភាពផ្សព្វផ្សាយលក់កាំភ្លើងទំនើបៗ កាំភ្លើងបាញ់សត្វ និងកាំភ្លើងហ្គាសគ្រប់ប្រភេទ ដោយធ្វើការនាំចូលពីប្រទេសជិតខាងយកមកលក់ក្នុងទឹកដីកម្ពុជាតែម្ដង។ ប៉ុន្តែមានគណនីខ្លះប្រើសម្រាប់បោកប្រាស់អ្នកទិញ គឺនៅពេលដែលកម្មង់ទិញឥវ៉ាន់ហើយ គេតម្រូវឲ្យអ្នកទិញវេរលុយឲ្យគេទាំងអស់ ហើយភាគច្រើនគេមិនបានផ្ដល់ទំនិញឲ្យនោះទេ។
បច្ចុប្បន្នកម្លាំងនគរបាលរបស់នាយកដ្ឋាន កំពុងរៀបចំនីតិវិធីបញ្ជូនជនសង្ស័យទៅតុលាការ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលលេងតាមបណ្ដាញសង្គម រាយការណ៍មកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមរយៈផេករបស់នាយកដ្ឋានផ្ទាល់តែម្ដង នៅពេលឃើញ ឬសង្ស័យថាមានបទល្មើសណាមួយកើតឡើង ៕
